អន្តរជាតិ៖ បន្ទាប់ពីមេដឹកនាំរុស្ស៉ី បានប្រកាសជោគជ័យលើការអភិវឌ្ឍវ៉ាក់សាំង COVID-19 របស់ខ្លួនទាំងមិនទាន់ធ្វើតេស្តស្វែងរកប្រសិទ្ធភាព និងសុវត្ថិភាពឲ្យបានត្រឹមត្រូវផងនោះ ។ បានធ្វើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ហ្សែនស៍ ស្ពេន (Jens Spahn) នៅថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០នេះបានចេញមុខ រិះគន់ប្រទេសរុស្ស៊ីចំៗតែម្តង ។

បើតាមការចេញផ្សាយដោយទីភ្នាក់ងារ CNA នារសៀលថ្ងៃពុធ ទី១២ ខែសីហានេះថា លោករដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ Jens Spahn បានប្រាប់វិទ្យុក្នុងស្រុកថា «វាអាចជារឿងគ្រោះថ្នាក់ នៅក្នុងចាប់ផ្តើមចាក់វ៉ាក់សាំង លើមនុស្សរាប់លាននាក់រហ័សជ្រុលពេក ព្រោះវានឹងបង្កបញ្ហាដល់លទ្ធភាពនៃរាងកាយរបស់មនុស្ស ក្នុងការទទួលយកវ៉ាក់សាំង ប្រសិនបើអ្វីមួយដំណើរការខុស។ ដូច្នេះខ្ញុំមានការសង្ស័យយ៉ាងខ្លាំង អំពីអ្វីដែលកំពុងកើតឡើង នៅក្នុងប្រទេសរុស្ស៊ី»។

ADVERTISEMENT

រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំនឹងរីករាយប្រសិនបើយើងមានវ៉ាក់សាំងដំបូងដ៏ល្អ ប៉ុន្តែផ្អែកលើអ្វីគ្រប់យ៉ាង ដែលបានយើងដឹងរួចហើយនោះ គឺតាំងពីដើមមករុស្ស៊ី មិនដែលបានប្រាប់យើងច្រើនទេ (អំពីការអភិវឌ្ឍវ៉ាក់សាំងរុស្ស៊ី)… ហេតុដូច្នេះវាមិនត្រូវបានធ្វើតេស្តគ្រប់គ្រាន់ឡើយ»។

ជុំវិញបញ្ហាខាងលើនេះដែរ ក្រុមអ្នកជំនាញអន្តរជាតិមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប បានបង្ហាញក្តីបារម្ភអំពីសុវត្ថិភាព និងប្រសិទ្ធភាព នៃវ៉ាក់សាំងផលិតដោយរុស្ស៊ី តាំងតែពីមុនពេលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រកាសអំពីការអនុម័តវាជាផ្លូវការ ដោយក្រសួងសុខាភិបាលរុស្ស៊ី ទៅលើវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាដំបូង កាលពីថ្ងៃអង្គារម្សិលមិញនេះ ។

ដោយឡែកប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសថា ប្រទេសរបស់លោកបានអនុម័តជាផ្លូវការ នូវវ៉ាក់សាំងដំបូងបំផុតលើលោក ដែលអាចប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី (COVID-19) មានឈ្មោះថា «Sputnik V»។

បន្ថែមពីនេះទៅទៀត រដ្ឋាភិបាលរុស្ស៊ី អះអាងទៀតថា វ៉ាក់សាំងរបស់រុស្ស៊ីនឹងត្រូវចាប់ផ្តើមផលិត នៅចុងខែសីហានេះ ឬក៏ដើមខែកញ្ញាខាងមុខ ហើយបុគ្គលិកសុខាភិបាលរុស្ស៊ី នឹងក្លាយក្រុមមនុស្សដែលត្រូវចាក់វ៉ាក់សាំង អភិវឌ្ឍឡើងដោយវិទ្យាស្ថាន ហ្គាម៉ាឡេយ៉ា (Gamleya) នៃទីក្រុងម៉ូស្គូនេះមុនគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here