ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានចេញសារលិខិ ថ្លែងនៅក្នុងវេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ ដ៏មានសារៈសំខាន់ តាមប្រព័ន្ធវីដេអូអនឡាញ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថា ឆ្នាំ២០២០ នេះ គឺ ជាពេលដ៏លំបាកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គម និងសេដ្ឋកិច្ចនិងភាពមិនប្រាកដប្រជាចំពោះការអភិវឌ្ឍជាទូទៅទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ជាការពិតណាស់ ដូចគ្នានឹងជំងឺកូវីដ-១៩ , ការប្រែប្រួលអាកាសធាតុជាបញ្ហាដ៏គួរឱ្យបារម្ភ មួយទៀតដែលនឹងបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរពិបាកនឹងប៉ាន់ប្រមាណបានទៅ លើសង្គម, សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់ និងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះ គ្រោះមហន្តរាយដែលបានកើតឡើងជាបន្តបន្ទាប់ជុំវិញពិភពលោកមានសភាពធ្ងន់ធ្ងរនិងប្រពលភាព កាន់តែញឹកញាប់លើសពីអ្វីដែលយើងធ្លាប់បានជួបប្រទះកន្លងមក។ ក្នុងបរិបទនេះ ទោះបីជាយើងមានភាពចាំបាច់ក្នុងការបង្វែរទិសដៅអាទិភាពគោលនយោ បាយ និងធនធានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ , យើងទាំងអស់គ្នាគប្បីខិតខំផ្តល់អាទិភាព និងធានាឱ្យបាននូវនិរន្តរភាពនៃការអនុវត្តវិធានការដោះស្រាយ និងទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ដែលជារបៀបវារៈស្នូលមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិយើងប្រកប ដោយចីរភាព។

ក្នុងសារលិខិត សម្តេចតេជោ ថ្លែងបន្តថា ៖ កម្ពុជា ជាប្រទេសតូច និងធនធានមានកម្រិត ប៉ុន្តែយើងបានខិតខំបំពេញកាតព្វកិច្ច ដូចមានចែងក្នុងខប់២១(COP21) ពោលគឺយើងបានប្រកាន់យកការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសមាសធាតុដ៏សំខាន់មួយនៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ។ នៅក្នុងកម្រិតសកល ខ្ញុំយល់ឃើញថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមគោលនយោបាយគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ទាំងទិដ្ឋភាព សង្គម, សេដ្ឋកិច្ច និងបរិស្ថាន ។ ទន្ទឹមនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យប្រទេសទាំងអស់រៀបចំបញ្ចប់ និងដាក់ជូននូវរបាយការណ៍រួមចំណែករបស់ជាតិខ្លួន ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ប្រកបដោយមហិច្ឆតា។

ជាមួយនិងខ្លឹមសារលិខិតនោះបញ្ជាក់ទៀតថា ការការពារព្រៃឈើ និងហេដ្ឋាជារួម ក្នុងបរិបទបច្ចុប្បន្ននេះ ការជំរុញទៅមុខ និងការប្រកាន់ខ្ជាប់ទៅនឹងក្របខ័ណ្ឌ តំបន់និយមនិងពហុភាគីនិយម គឺជាគោលការណ៍ដ៏សំខាន់សម្រាប់ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមានឡើងក្នុងគ្រប់វិស័យ ជាពិសេសបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាស ធាតុ ។ ទោះបីធនធាន និងសមត្ថភាពកម្ពុជានៅមានកម្រិតក៏ដោយ តែកម្ពុជាមានការតាំងចិត្ត និងឆន្ទៈនយោបាយខ្ពស់ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងសាកល ដើម្បីដោះស្រាយការ ប្រែប្រួលអាកាសធាតុ ផ្អែកតាមគោលការណ៍គន្លឹះរបស់អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ជាពិសេស គោលការណ៍ស្តីពីការទទួលខុសត្រូវរួមគ្នា ប៉ុន្តែមានកាតព្វកិច្ចផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here