ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្សាចំនួន 2 វគ្គ គឺវគ្គបំប៉នជំនាញគ្រប់គ្រងសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរ និងវគ្គបំប៉នប្រឆាំងបទល្មើសសេដ្ឋកិច្ច។ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី 7 ខែមិនាឆ្នាំ 2019 ដែលមានសិក្ខាកាមសរុបចំនួន 130 នាក់ ដែលអញ្ជើញមកពីអង្គភាពជំនាញនិងស្នងការដ្ឋាននគរបាលរាជធានីខេត្ត។

ថ្លែងក្នុងពិធីនោះឯកឧត្តម សេង ផល្លី បានគូសបញ្ជាក់ថា ការបើកវគ្គបំប៉នជំនាញទាំងពីរនេះ គឺធ្វើឡើងស្របតាមផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំ 2019 របស់បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងឆ្លើយតបតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាល និងស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។

ADVERTISEMENT

លោកសេង ផល្លី បានបន្ថែមទៀតថា វគ្គទាំងពីរនេះសុទ្ធតែមានសារៈសំខាន់ មានគោលបំណងច្បាស់លាស់ ហើយការដាក់ឲ្យដំណើរការវគ្គបណ្ដុះបណ្ដាលនេះដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងឆ្លើយតបទៅនឹងសភាពការណ៍សន្តិសុខជាក់ស្តែងរបស់សង្គមជាតិ នាពេលបច្ចុប្បន្ននេះ ដើម្បីឲ្យវគ្គបណ្ដុះបណ្ដាលទាំងពីរនេះសម្រេចបានជោគជ័យតាមផែនការកំណត់បណ្ឌិត្យសភានគរបាលកម្ពុជាបានអនុវត្តយន្តការពង្រឹងវិន័យសិក្សានិងវាយតម្លៃការសិក្សាជាប់ជាប្រចាំពីពេលចាប់ផ្ដើមចូលរៀនរហូតដល់ថ្ងៃប្រលងបញ្ចប់ការសិក្សាដោយជោគជ័យ។ជាមួយគ្នានេះបណ្ឌិតសភាបានប្រកាន់យកនូវគោលការណ៍ 3 យ៉ាងគឺ គោលការណ៍សមធម៌ គោលការណ៍មិនលំអៀង និងគោលការណ៍គុណភាព ដើម្បីឲ្យសិក្ខាកាមសម្រេចបានជោគជ័យប្រកបដោយកិត្តិយសនិងសញ្ញាប័ត្រទទួលបានមានតម្លៃ។

ជាចុងក្រោយឯកឧត្តមសេងផល្លីបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រនិងគោរពវិន័យសាលាឱ្យបានល្អតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ដើម្បីជោគជ័យក្នុងវគ្គសិក្សានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here