កណ្ដាល ៖ សង្ស័យព្រោះតែភ្លើងប្រច័ណ្ឌ បុរសជាប្តី បានទាញកាំបិទ កាប់អ្នកជិតខាង បណ្តាលអោយរងរបួសធ្ងន់ ខណៈដែលបុរសរងគ្រោះ កំពុងអង្គុយផឹកស៊ីជាមួយប្រពន្ធជនដៃដល់។ ករណីនេះ កើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនដៃដល់ឈ្មោះ បែន ពិសី អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឺ សុខលី អាយុ២៥ឆ្នាំ មុខរបរកសិករ។ ជនដៃដល់និងជនរងគ្រោះមានទីលំនៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យក៖ កាំបិតប៉័ងតោ ដងដែកចំនួនមួយ។

ប្រភពដដែលបន្តថានៅមុនពេលកើតហេតុ ជនសង្ស័យបានទៅផ្ទះម្ដាយខ្លួន ដើម្បីទៅមើលម្ដាយឈឺ។ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យ បានឃើញជនរងគ្រោះអង្គុយផឹកស្រាបៀជាមួយប្រពន្ធខ្លួន និងបងប្អូន នៅលើគ្រែក្រោយផ្ទះម្ដាយ ជនដៃដល់ ដោយជនសង្ស័យបានប្រច័ណ្ឌប្រពន្ធ ជាមួយនឹងជនរងគ្រោះ ក៏ដើរទៅដេញជនរងគ្រោះចេញមិនឲ្យផឹកស្រាបៀកន្លែងនោះទេ តែជនរងគ្រោះមិនព្រមចេញ ទើបជនសង្ស័យយកកាំបិតប៉័ងតោទុកលើគ្រែនោះកាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតតែម្ដងបណ្ដាលឲ្យជនរងគ្រោះរងរបួសក្បាលយ៉ាងដំណំ។

ក្រោយពីមានហេតុការណ៍ កើតឡើង កម្លាំងនគរបាលជំនាញស្រុកអង្គស្នួល បានឃាត់ខ្លួនជនដៃដល់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here