ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានដាក់ចេញនូវ វិធានការសំខាន់ៗ នៃការធ្វើចត្តាឡីស័ក ចំនួន១០ចំណុច ដូចខាងក្រោម ៖

១. នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ១៤ថ្ងៃ (ហាមដាច់ខាតដើរចេញក្រៅផ្ទះ ឬទីកន្លែងធ្វើចត្តាឡីស័ក)
២. តាមដានរោគសញ្ញានៃជំង ៖ វាស់កំដៅជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើកំដៅលើសពី ៣៧.៥អង្សារ ឬមានរោគសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់ ទូរស័ព្ទទាន់ ហេតុការណ៍ ១១៥។
៣. នៅដាច់ដោយឡែកពីសមាជិកគ្រួសារ ៖ រស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ទឹក/បង្គន់ផ្សេងពី គ្រួសារ។ បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ។ ពាក់ម៉ាស់ជាប់ជានិច្ច និងត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច ១.៥ម៉ែត្រ។
៤. ប្រើសម្ភារៈដោយឡែកពីសមាជិកគ្រួសារ ៖ ហាមប្រើសម្ភារៈរួមគ្នាជាមួយសមាជិកគ្រួសារ។ លាងសម្អាតសម្ភារៈទាំងនោះជាមួយទឹកស្អាត និងសាប៊ូ ឱ្យបាន ស្អាតល្អ បន្ទាប់ពីប្រើរួច។ បោកគក់សំលៀកបំពាក់ឱ្យបានស្អាត និងហាលថ្ងៃឱ្យបានល្អ។
៥. លាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់ ៖ លាងសម្អាតដៃ ដោយប្រើសាប៊ូ និងទឹកស្អាត ឬប្រើអាល់កុល ឬដែលលាងដៃឱ្យបានញឹកញាប់ មុននិងក្រោយពេលចំអិនអាហារ មុននិងក្រោយបរិភោគអាហារ និងក្រោយពេលប្រើបង្គន់។
៦. ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬ កណ្តាស់ ៖ ខ្ទប់មាត់ ច្រមុះខ្លួនឯង ដោយម៉ាស់ ក្រម៉ា កន្សែង ក្រដាសអនាម័យ ឬខ្ទប់នឹងកែងដៃ នៅពេលក្អក ឬកណ្តាស់ រួចត្រូវចោលក្រដាសនោះទៅក្នុងធុងសម្រាម ហើយលាងសម្អាតដៃភ្លាមៗ។
៧. បរិភោគម្ហូបអាហារដែលចំអិនបានល្អ ៖ ម្ហូបអាហារត្រូវចំអិនឱ្យបានល្អ។ បរិភោគម្ហូបអាហារមានជាតិត្រី សាច់ បន្លែ ផ្លែឈើ បន្ថយជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម ដើម្បីជួយពង្រឹងប្រព័ន្ធការញ័រសារពាង្គកាយ។
៨. អនាម័យល្អក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនូវ ៖ ធ្វើកិច្ចការផ្សេងៗជាធម្មតា ហាត់ប្រាណក្នុងផ្ទះ។ សម្អាតបន្ទប់រស់នៅផ្ទាល់ខ្លួន បន្ទប់ទឹក ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ជារៀងរាល់ថ្ងៃ។
៩. បញ្ចប់ការអនុវត្តចត្តាឡីស័ក ៖ អនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនអ្នកបានអនុវត្តត្រឹមត្រូវតាមវិធានការចត្តាឡីស័កដោយនៅផ្ទះរាល់ ពេលគ្រប់កាលកំណត់១៤ថ្ងៃ ហើយគ្មានចេញរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ដោយលទ្ធផលតេស្តកូវីដី-១៩ អវិជ្ជមាន ដោយមន្ទីរពិសោធន៍ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
១០. ទំនាក់ទំនងក្នុងករណីចាំបាច់ នឹងបន្ទាន់ បើអ្នកត្រូវការពិគ្រោះយោបល់ ឬជំនួយវេជ្ជសាស្រ្ត សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់ក្រសួងសុខាភិបាល ដោយមិនគិតថ្លៃសេវា។

សូមបញ្ជាក់ថា ៖ បុគ្គលដែលមិនអនុវត្តតាមវិធានការសុខាភិបាល ក្នុងការធ្វើចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាទឹកប្រាក់ ពី ២០០.០០០រៀល ដល់ ១.០០០.០០០រៀល និងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន តាមមាត្រាទី៨ នៃក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ព្រមទាំងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here