ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដង្ហែរព្រះរាជដំណើរ និងចូលរួមជាគណៈអធិបតីនៃព្រះរាជពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានាក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានានាឱកាសនេះ ក៏មានការនិមន្តយាង និងអញ្ជើញចូលរួមពីសម្ដេចព្រះសង្ឃរាជ, សម្ដេចព្រះមន្ត្រីសង្ឃ និងឥស្សរជនជាតិ រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្ដេចចៅហ្វាវាំងឧបនាយករដ្ឋមន្ត្រី គង់ សំអុល, ព្រះព្រះញាតិវង្សានុវង្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ សមណសិស្ស និងសិស្សានុសិស្សជាច្រើនអង្គនាក់ទៀត។

ពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ស្ថិតនៅវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសាងសង់ដោយសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោកជំទាវ។ អគារពុទ្ធិកវិទ្យាល័យនេះ មានទទឹង៩ម៉ែត្រ, បណ្ដោយ៣០ម៉ែត្រ, កម្ពស់២ជាន់, ចែកចេញជាថ្នាក់រៀន៨បន្ទប់, ការិយាល័យសិក្សាមួយ និងសាលប្រជុំមួយ ដោយបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ចំណាយថវិកាអស់ប្រមាណ៣០ម៉ឺនដុល្លាអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here