ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន១៤៣១លានរៀល ទៅដល់កីឡាករ កីឡាការិនី នូវប្រភេទកីឡាចំនួន៣ មានដូចជា កីឡាវ៉ូវីណាម តុងហ្គីលម៉ូដូ និងកីឡាប៉េតង់ ដែលឈ្នះមេដាយពីការប្រកួតជើងឯកពិភពលោក និងជើងឯកអាស៊ី កាលពីឆ្នាំ២០១៩កន្លងទៅ។ ពិធីប្រគល់ថវិកានេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិ តាមរយៈក្រសួងអប់រំយុវជន និងកីឡា ក្រោមវត្តមាន លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។

លោក សុខ សប្បាយណា បានលើកឡើងថា ការប្រជែងដណ្តើមបានមេដាយ ពីអន្តរជាតិរបស់អត្តពលិកកម្ពុជា បានឆ្លុះបញ្ចាំងពីការរីកចំរើន ពីវិស័យកីឡា នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើអោយកម្ពុជាស្មើរមុខស្មើរមាត់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ។ ម្យ៉ាងវិញទៀត សមិទ្ធផលនេះបង្ហាញពីសញ្ញាវិជ្ជមានដ៏ល្អរបស់កម្ពុជា ឈានទៅត្រៀមធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ ព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។ លោកអនុរដ្ឋលេខាធិការ បានស្នើរឲ្យកីឡាករ កីឡាការិនី ត្រូវបន្តរក្សាស្មារតីខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យកាន់តែមានសក្តានុពល ដើម្បីដណ្តើមមេដាយជូនកម្ពុជា ពីឆាកអន្តរជាតិ ពិសេសស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២១ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ADVERTISEMENT

យោមតាមរបាយការណ៍ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានឲ្យដឹងថា ៣ប្រភេទកីឡា ដែលទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល មានកីឡាតុងហ្គីលម៉ូដូ ឈ្នះជើងឯកពិភពលោក កាលពីឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េខាងត្បូង មាន២១ប្រទេសចូលរួម ក្នុងនោះកម្ពុជាបញ្ជូនកីឡាករ កីឡាការិនីប្រតិភូ និងគ្រូបង្វឹក សរុប៩នាក់ កម្ពុជាឈ្នះមេដាយសំរិទ្ធ៣គ្រឿង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥២លានរៀល ។ រីឯកីឡាប៉េតង់ បានចូលរួមប្រកួតជើងឯកអាស៊ី លើកទី៣ កាលពីឆ្នាំ២០១៩ នៅវៀតណាម មាន១១ប្រទេសចូលរួម មាស៤ ប្រាក់១ និងសំរិទ្ធ១គ្រឿង សរុបប្រាក់រង្វាន់ ២៥៨លានរៀល ។ ចំណែកឯកីឡាវ៉ូវីណាម ចូលរួមជើងឯកពិភពលោក លើកទី៦ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្នុងឆ្នាំ២០១៩ មាន២៤ប្រទេសចូលរួម ឈ្នះមេដាយសរុប២៧គ្រឿង មានមេដាយមាស៩ ប្រាក់១៩ និង៩សំរិទ្ធ ប្រាក់​រង្វាន់​សរុប១១២១លានរៀន ។ ថវិកាសរុបទាំង៣ប្រភេទ​កីឡា ចំនួន១៤៣១លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here