ភ្នំពេញ ៖ ក្រសួងសុខាភិបាល​ប្រកាស​ផាកពិន័យ​ជា​ប្រាក់ ៥.០០០.០០០រៀល (ប្រាំ​លាន​រៀល) ឬ​ ដក​អាជ្ញា​បណ្ណ ព្រមទាំង​បិទ​កន្លែង​ព្យាបាល​មិនឱ្យ​បន្តសកម្មភាព​តទៅទៀត ដល់​កន្លែង​ព្យាបាល​ឯកជន​ណា មិន​ព្រម​ចេញ​វេជ្ជបញ្ជា​តាម​កុំព្យូទ័រ ដោយ​នៅតែ​បន្ត​ចេញ​វេជ្ជបញ្ជា​សរសេរ​ដោយ​ដៃ ខ្ជីខ្ជា អាន​មិន​ដាច់ និង​មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វេជ្ជសាស្ត្រ។

នេះបើយោងតាម លិខិត របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំឭកម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ឲ្យចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរបទពិសោធន៍ ឬសេវេអមវេជ្ជសាស្ត្រតាមកុំព្យូទ័រ។ ដោយរយៈកាលកន្លងមក ក្រសួងសុខាភិបាលបានសង្កេតឃើញ កន្លែងព្យាបាលជំងឺឯកជនមួយចំនួន បានអនុវត្តត្រឹមត្រូវ ទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ។ ទន្ទឹមនឹងនោះដែរ ក៏មានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀតនៅតែមិនព្រមអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តការចេញ វេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត។

នៅក្នុងលិខិតដដែលនោះបន្តថា អ្នកនាំពាក្យក្រសួងសុខាភិបាល បានតម្រូវ​ដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់​ចេញវេជ្ជបញ្ជាតាមកុំព្យូទ័រទាំងអស់គ្នា ក្នុងករណីមិនគោរពតាម ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ គឺ​ការ​ផាកពិន័យជាប្រាក់៥លានរៀល តាម​ការប្រកាសអន្តរក្រសួង​រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​ក្រសួងសុខាភិបាល ឬឈាន​ទៅដកអាជ្ញាបណ្ណ ព្រមទាំង​បិទកន្លែងព្យាបាលតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here