លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផៃ្ទ និងប្រធានក្រុមការងារ បានចុះជួយឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនបំផុតចំពោះវិធានការការពារមេរោគកូវីដ-១៩ ខណៈមេរោគដ៏កាចសាហាវមួយនេះបន្តយាយីដល់បងប្អូនជានិច្ច ប្រសិន
បើបងប្អូនមានការធ្វេសប្រហែសនមិនធ្វើទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។

ថ្លែងនៅក្នុងពិធីចែកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នេះ ជូនគ្រួសារក្រីក្រជាង១០០គ្រួសារ នៅឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែងនោះ លោក មៀច សុផាន់ណា បានលើកឡើងថា បងប្អូនទាំងអស់មិនត្រូវធ្វេសប្រហែសនោះឡើយចំពោះមេរោគកូវីដ-១៩នេះ ត្រូវបន្តអនុវត្តន៍ឲ្យបានត្រឹមត្រូវបំផុត និងគ្រប់ពេលវេលា ត្រូវនៅគម្លាតគ្នា លាងដៃ និងពាក់ម៉ាស់ជាដើម។

ADVERTISEMENT

លោក បានបន្តថា បើទោះបីជាករណីមេរោគកូវីដ-១៩នេះ នៅប្រទេសកម្ពុជាយើងពុំមានអ្នកស្លាប់ក្តី ប៉ុន្តែយើងទាំងអស់គ្នាក៏មិនត្រូវភ្លេចខ្លួនក្នុងកិច្ចការពារវានោះដែរ ហើយនាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលរបស់យើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានខិតខំគ្រប់ពេលវេលាទាំងអស់ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត ដោយបានបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិមេរោគកូវីដ-១៩នេះ។

ជាមួយគ្នានោះដែរលោក មៀច សុផាន់ណា ក៏បានរំលឹកដល់ថ្ងៃទី៧មករា ដែលជាកំណើតទី២របស់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ ហើយលោកបានអំពាវនាវដល់បងប្អូននៅស្រុកពារាំងទាំងអស់មិនត្រូវបំភ្លេចនូវគុណទិវានេះឡើយ ខណៈទិវា៧មករា លើកទី៤២ឆ្នាំ(៧មករាឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២១)នេះ នៅសល់តែបីថ្ងៃទៀតនឹងមកដល់ហើយនោះ។

សូមបញ្ជាក់ថា អំណោយរបស់សម្តេចក្រឡាហោម ស ខេង ដែលបានយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋជាងមួយរយគ្រួសារនោះគឺមាន អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ ថ្នាំពេទ្យ និងថវិកាមួយចំនួនទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here