ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានបង្ហោះសារអបអរសាទរ ខួបលើកទី៤២ឆ្នាំ (៧មករា១៩៧៩ – ៧មករា២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និង រំដោះ ចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬ ហៅថា របបប្រល័យពូជសាសន៍ ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ របបដ៏ ឃោរឃៅ ព្រៃផ្សៃ យុងឃ្នង នេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់ អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយ យ៉ាងធ្ងន់ធ្ងរបំផុត។

គួររំលឹកដែរថា កាលពី៤២ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅ ក្រោមការបង្ខិតបង្ខំ អោយធ្វើការលើសកម្លាំងគ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់គ្មានមន្ទីរពេទ្យព្យាបាល គ្មាន សាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់ របស់ពលរដ្ឋ ត្រូវបានរបបព្រៃផ្សៃនេះ បានបំបិទ មិនអោយមាន ពលរដ្ឋ ដែលមាន សំណាង នៅសល់តែ ស្បែក ដណ្តប់ឆ្អឹង គឺរងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពី ប្រទេសជាតិ ត្រូវបានរំដោះ ចេញផុតពីរបប ឃោរឃៅព្រៃផ្សៃមួយនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយ ប្រទេសជាតិទាំងមូលមានសុខសន្តិភាព និង ការអភិវឌ្ឍន៍ រីកចម្រើន គ្រប់វិស័យ មកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាពនិងមុខមាត់សារជាថ្មី លើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ADVERTISEMENT

នៅក្នុងខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជម្នះ៧មករាថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូង ពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈ ក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here