ខេត្តព្រះសីហនុ ៖ មនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿងបុកគ្នា កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧-១៩៨។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្ត ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-7497 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ) មកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ បុករថយន្ត ០១គ្រឿងម៉ាក TOYOTA COROLLA ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខភ្នំពេញ 2C-0818 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ យី ផល្លេង ភេទស្រី អាយុ ៤៨ឆ្នាំ និងអ្នករួមដំណើរចំនួន ០៣នាក់ ឈ្មោះ ទេស អាទិការ ភេទស្រី អាយុ ៤១ឆ្នាំ,ឈ្មោះ សាសា ភេទប្រុស អាយុ ១១ឆ្នាំ និងឈ្មោះ លីន អាយុ ២៩ឆ្នាំ អ្នកទាំងបួនមានទីលំនៅភូមិដូនលយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះដែលស្លាប់មាន៖ ១. ឈ្មោះ យី ផល្លេង អ្នកបើកបររថយន្ត COROLLA ស្លាប់នៅនឹងកន្លែងកើតហេតុ និង ឈ្មោះ លីន អ្នករួមដំណើរលើរថយន្ត COROLLA ស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នករងរបួសមនុស្សចំនួន ០២នាក់÷១ឈ្មោះ ទេស អាទិការ អ្នករួមដំណើរលើរថយន្ត COROLLA រងរបួសធ្ងន់ និង ឈ្មោះ សាសា អ្នករួមដំណើរលើរថយន្ត COROLLA របួសធ្ងន់។

បច្ចុប្បន្ន សាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី អ្នករបួស បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯវត្ថុតាងរថយន្តទាំងពីរ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត HYUNDAI បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here