ភ្នំពេញ ៖ កម្ពុជា និង អាល្លឺម៉ង់ ប្ដេជ្ញារួមគ្នា បង្កើនកិច្ចសហការ លើកកម្ពស់ ការងារកំណែទម្រង់វិមជ្ឈកាល និងសហវិមជ្ឈកាល នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ថ្លែងនៅក្នុងជំនួបពិភាក្សាការងារ រវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ កុម្ភៈ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា មកដល់ពេលនេះរាជរដ្ឋាភិបាលបាបញ្ចប់ការអនុវត្តនៅផែនការជាតិ រយៈពេល ១០ឆ្នាំ ដំណាក់កាលទី១ របស់ខ្លួន និងកំពុងតែរៀបចំបន្តផែនការដំណាក់កាលទី២ សម្រាប់រយៈពេល ១០ឆ្នាំបន្តទៀត ដើម្បីបន្តការងារកំណែទម្រង់វិមជ្ឈកាល និងសហវិមជ្ឈកាល។

ADVERTISEMENT

ទន្ទឹមនិងនេះ សម្តេចក្រឡាហោម បានអរគុណភាគីអាល្លឺម៉ង់ដែលបានជួយគាំទ្រលើផ្នែកបច្ចេកទេសនៅក្នុងការរៀបចំនៅផែនការជាតិ ១០ឆ្នាំបន្តទៀត។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ការផ្ទេរធនធាននិងអំណាចទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺមានវិស័យចំនួនពីរដែលបានផ្ទេរច្រើនជាងគេ ទី១. វិស័យសុខាភិបាល និងទី២. វិស័យអប់រំ។ ហើយនឹងបន្តពិនិត្យលើវិស័យអាទិភាពផ្សេងៗទៀតដើម្បីផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទោះបីជាយ៉ាងណាក៏នៅមានបញ្ហាមួយចំនួនផងដែរ ដែលត្រូវបន្តដោះស្រាយ គឺនៅមានការមិនទាន់ស្រុះស្រួលគ្នាខ្លះនៅលើការងារក្នុងវិស័យរបស់ស្ថាប័នមួយចំនួន និងបញ្ហាប្រឈមមួយទៀត កត្តាធនធានមនុស្ស គឺជាកត្តាស្នូលមួយក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈកាល និងសហវិមជ្ឈកាល។

សូមជម្រាបថា ចំពោះសមិទ្ធិផលធំៗនៅក្នុងការងារកំណែទម្រង់វិមជ្ឈកាល និងសហវិមជ្ឈកាល សម្តេចក្រឡាហោមបានបញ្ជាក់ថា រាជរដ្ឋាភិបាលមានការស្រុះស្រួលផ្ទៃក្នុងល្អ រវាងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល និងក៏មានការយល់ដឹងកាន់តែច្រើនអំពីសាធារណៈជន ដែលនេះគឺជាទុនមួយដ៏ធំក្នុងការគាំទ្រដល់កំណែទម្រង់ននេះឲ្យមានវឌ្ឍនភាពទៅមុខ និងតាមរយៈផែនការ ១០ឆ្នាំ ដែលបានដាក់ចេញដំណាក់កាលទី១ គឺបានរៀបចំនៅលិខិតបទដ្ឋាន ក៏ដូចជាយន្តការផ្សេងៗ សម្រាប់ដំណើរការកំណែទម្រង់នេះ ដែលក្នុងនោះមានជាអាទិ៍ ការរៀបចំនៅច្បាប់ ក៏ដូចជាដំណើរការរៀបចំការបោះឆ្នោតឃុំសង្កាត់ ដែលនេះ គឺជាផ្នែកមួយនៃការកំណែទម្រង់វិមជ្ឈកាល និងសហវិមជ្ឈការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here