ភ្នំពេញ ៖ ពលរដ្ឋបានសង្កេតឃើញថា ការស្ថាបនាសាងសង់ផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅទៅខេត្តតាកែវ ដោយក្រុមហ៊ុន (HANSHIN) ហាក់ដូចជាពុំសូវដំណើរការ, អាចនិយាយបានថា, ក្រុមហ៊ុននេះកង្វះខាតគ្រឿងចក្រ ខ្វះអ្នកម៉ៅការបន្ត។ ដូច្នេះការសាងសង់ស្ថាបនាមានលក្ខណៈយឺត បើប្រៀបធៀបជាមួយនឹងក្រុមហ៊ុនដទៃទៀត។

អ្វីដែលជាសមិទ្ធផលរបស់ប្រទេសជាតិ ផ្លូវគមនាគមន៍គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិដ៏ធំបំផុត ក៏ដូចជា ជួយសម្រាលដល់ការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋគាំទ្រចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ប៉ុន្តែករណីខ្លះ ការស្ថាបនាផ្លូវដោយក្រុមហ៊ុន ដែលមិនសូវមានភាពទទួលខុសត្រូវ មិនអនុវត្តតាមគម្រោងផែនការកំណត់ អាចនឹងអូសបន្លាយពេលយូរ ធ្វើឱ្យផ្លូវគមនាគមន៍នោះ ត្រូវស្ទះចរាចរណ៍ បង្កការគ្រោះថ្នាក់ចរាចរណ៍ ពិបាកក្នុងការធ្វើដំណើរ ទាំងចរាចរណ៍លើផ្លូវ នឹងករណីចូលទៅតាមផ្ទះប្រជាពលរដ្ឋជាដើម។ ដោយសារតែមានករណីកាយដីដាក់តាមមុខផ្ទះប្រជាពលរដ្ឋ និងខ្វះគ្រឿងចក្រក្នុងការស្ថាបនា។

ADVERTISEMENT

បើនិយាយអំពីក្រុមហ៊ុន( HANSHIN) សូម្បីតែស្ថាបនាផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ទៅដល់ចំណុចធ្លារម្អមខេត្តពោធិ៍សាត់ ក៏ដំណើរការមិនសូវជាមានគ្រឿងចក្រគ្រប់គ្រាន់ ប្រហាក់ប្រហែលស្រដៀងគ្នា និងការស្ថាបនាលើកំណាត់ផ្លូវជាតិលេខ២ដែរ។ បញ្ហាទាំងអស់នេះ គេមានជំនឿថា, ខាងក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានក្រុមការងារបច្ចេកទេស អាចនឹងចុះពិនិត្យឲ្យបានដិតដល់ ពន្លឿនការងារ នឹងសិក្សាឲ្យគ្រប់ជ្រុងជ្រោយ ពីបុគ្គលិកលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុន ( HANSHIN) តើមានគ្រឿងចក្រគ្រប់គ្រាន់ដើម្បីដំណើរការដែរឬអត់,? បច្ចុប្បន្ននេះប្រជាពលរដ្ឋធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ២ ជួបបញ្ហាកកស្ទះ លំបាកក្នុងការបើកបរ ។ ប៉ុន្តែពួកគាត់នៅតែស្វាគមន៍និងសប្បាយក្នុងការទទួលយកពី ការអភិវឌ្ឍប្រទេសជាតិដោយការខិតខំប្រឹងប្រែង ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី បន្តអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានក្រសួងសាធារណការនិងដឹកជញ្ជូនជាសេនាធិការផងដែរ។ ទន្ទឹមនឹងបញ្ហានេះ ប្រជាពលរដ្ឋក៏សំណូមពរឲ្យ ខាងក្រុមហ៊ុនដែលបានស្ថាបនាផ្លូវនោះ ត្រូវអនុវត្តទៅតាមផែនការគម្រោងដែលបានកំណត់ ដើម្បីឲ្យការស្ថាបនាមានភាពរលូនទៅមុខ។

មន្ត្រីខ្លះបានលើកឡើងថា, ក្រុមហ៊ុន( HANSHIN) ភាគច្រើនខ្វះគ្រឿងចក្រសម្រាប់ដំណើរការ ។ តម្លៃចំពោះការម៉ៅការបន្ត ក្រុមហ៊ុនខ្លះត្រូវបានរត់ចោល ,ក្រុមហ៊ុនខ្លះទៀតមិនទទួលយកម៉ៅការបន្ត, ដោយសារតែបញ្ចុះតម្លៃទាប។ ព្រោះក្រុមហ៊ុន( HANSHIN) ច្រើនមានទម្លាប់ដេញថ្លៃបញ្ចុះតម្លៃទាប ដល់ពេលបានគម្រោងស្ថាបនា ពុំសូវមានគ្រឿងចក្រ ក៏ ពឹងផ្អែកលើការម៉ៅការបន្ត ហើយពុំបានដូចបំណង ទើបធ្វើឲ្យការស្ថាបនាមានការយឺតយ៉ាវ។

ជុំវិញបញ្ហាខាងលើនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន គួរធ្វើការពិចារណា តើត្រូវបន្តអនុញ្ញាតឱ្យចូលរួមដេញថ្លៃ ក្នុងការស្ថាបនាសាងសង់ផ្លូវជាតិ សម្រាប់លើកក្រោយទៀតដែរឬទេ ? ជាក់ស្ដែង ក្រុមហ៊ុន( HANSHIN) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ម្តងរួចមកហើយ ខណៈស្ថាបនាផ្លូវជាតិពី ក្រុងតាខ្មៅ ទៅស្រុកកោះធំ គ្មានគុណភាពដោយកន្លែង រហូតដល់ក្រសួងតម្រូវឲ្យធ្វើឡើងវិញនេះជាដើម។

ពាក់ព័ន្ធក្នុងករណីនេះ អង្គភាពយើង មិនអាចធ្វើការទំនាក់ទំនងពីលោក Tae-Youp Roh (Tim) តំណាងអោយក្រុមហ៊ុន( HANSHIN) នៅរសៀលថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ បានទេ ដោយគ្មានអ្នកបកប្រែភាសា។ ដោយឡែកអ្នកបកប្រែភាសា បានអះអាងថា, មួយរយៈនេះ លោក Tae-Youp Roh (Tim) គាត់មិនសូវសប្បាយចិត្ត ដូច្នេះខ្ញុំពិបាកនឹងធ្វើការទំនាក់ទំនង ដើម្បីទទួលការឆ្លើយបំភ្លឺជូនពីគាត់ទៅកាន់ព័ត៌មាន។

លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន តាមទូរស័ព្ទនៅរសៀលថ្ងៃខែឆ្នាំដដែលនេះ លោកហាក់បីដូចជា មិនបានធ្វើការបកស្រាយ ចំពោះករណីខាងលើ ក៏ដូចជាការបញ្ជាក់ប្រាប់ថាតើការស្ថាបនាផ្លូវជាតិលេខ២ នោះបានប៉ុន្មានភាគរយក្នុងគម្រោងហើយ ខណៈទូរស័ព្ទចូល លោកបញ្ជាក់ថា, “ពិបាកនិយាយគ្នាបន្តិច ដោយសារកន្លែងធ្វើការថ្មី បំពាក់ឧបករណ៍ថ្មី បញ្ហាទូរស័ព្ទរអាក់រអួល,…លោកនឹងឆ្លើយតបមកវិញនៅពេលណា លោកទំនេរ”។

បើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីក្រៅផ្លូវការ ការស្ថាបនាផ្លូវជាតិលេខ២ ដោយលោក Tae-Youp Roh (Tim) តំណាងក្រុមហ៊ុន( HANSHIN) បានប្រមាណជា១៨,ជាង៤០ភាគរយ។

ក្រុមហ៊ុន( HANSHIN) ទោះជាស្ថាបនាផ្លូវមានការយឺតយ៉ាវយ៉ាងណាក៏ដោយ ប៉ុន្តែជាទូទៅក្រុមនេះតែងបានគម្រោងស្ថាបនាផ្លូវជាអ្នកញឹកញាប់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here