ខេត្តរតនគីរី ៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រតនៈសម្បត្តិ និងម៉ូតូកង់បី បណ្តាលអោយព្រះសង្ឃ៤អង្គ ទទួលរងរបួសធ្ងន់និងស្រាល កាលពីម៉ោងជាង៨ព្រឹកថ្ងៃទី៨ខែមីនា នៅកំណាត់ផ្លូវជាតិលេខ៧៨ ទល់មុខវត្តត្រពាំងច្រេស ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំខេត្តរតនគីរី។
យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកកូនមុំបានឲ្យដឹងថា ព្រះសង្ឃ៤អង្គដែលរងរបួសធ្ងន់និងស្រាលមានព្រះនាម ១,ព្រះនាម បេប កែវរត្រ័សុវណ្ណស៊ិន ព្រះជន១៦ព្រះវស្សា រងរបួសធ្ងន់។ ២,ព្រះនាម សាគុណ ភារុណ ព្រះជន១៨ព្រះវស្សា រងរបួសធ្ងន់។ ៣,ព្រះនាម ក ខាំលីនព្រះជន១៥ព្រះវស្សា រងរបួសស្រាលនិង៤,ព្រះនាម សុខឃឿន សារឿម ព្រះជន១៧ព្រះវស្សា រងរបួសស្រាល ព្រះសង្ឃទាំង៤អង្គខាងលើនេះគង់នៅវត្តត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ក្នុងរបាយការណ៍ដដែលបន្តថា រថយន្តបង្ក ម៉ាកហ្វតពណ៌ទឹកប៊ិច ពាក់ផ្លាកលេខរតនគិរី 3A-3233 អ្នកបើកបរក្រោយកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល។ រីឯម៉រីឯម៉ូតូកង់បី(ឥណ្ឌា)ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1HE-2219 អ្នកបើកបរឈ្មោះ សុខ ឃឿនសាវឿន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅវត្តត្រពាំងច្រេស គ្មានរបួស បានដឹកព្រះសង្ឃចំនួន៤អង្គ មកដល់កន្លែងកើតហេតុក៏បានប៉ះគ្នាជាមួយនិងរថយន្តខាងលើតែម្តងបណ្តាលឲ្យព្រះសង្ឃដែលគង់លើម៉ូតូកង់បីរងរបួសធ្ងន់ស្រាលទាំង៤ព្រះអង្គ៕