ភ្នំពេញ ៖ តាមការរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា ទោះបីស្ថិតក្នុងសម័យកូវីដ-១៩ ដែលក្រសួងសុខាភិបាល ពិសេសរាជរដ្ឋាភិបាលបានរឹតបន្តឹងការជួបជុំ ប្រមូលផ្តុំគ្នាច្រើននោះ ប៉ុន្តែ ទីតាំង ប្រភេទបនល្បែងស៊ីសងខុសច្បាប់ជាច្រើនមានដូចជា, លេងបៀរអុងឌូ ស៊ីសងក្នុង១ថ្ងៃរាប់ពាន់ រាប់ម៉ឺនដុល្លារ, ល្បែងភ្នាល់បាល់ ,ល្បែងKeno, ល្បែងភ្នាល់បញ្ជល់ជល់ តាមonline ស្រែកហ៊ោកញ្ជៀវ អត់ខ្វល់ពីគម្លាតសង្គម បំពានការណែនាំពីវិធានសុខាភិបាល បានបើកដំណើរការយ៉ាងរលូនជ្រកក្រោមរូបភាព (NET 99) ស្ថិតនៅផ្ទះល្វែងលេខ៣២, និង៣៤ ផ្លូវលេខ៥៨៦ សង្កាត់បឹងកក់២ ខណ្ឌទទួលគោក រាជធានីភ្នំពេញ បើកលេងទាំងយប់ ទាំងថ្ងៃ ហាក់មិនខ្វល់អ្វីទាំងអស់។

ប្រជាពលរដ្ឋបានរាយការណ៍មកថា ៖ បើអាជ្ញាធរមូលដ្ឋានមិនដឹង ឬកន្ទេលធំបន្លំដេក ពួកគាត់សូមបញ្ជាក់ជូនអត្តសញ្ញាណម្ចាស់ទីតាំង គឺឈ្មោះ ហេង ឆេង ភេទប្រុស អាយុប្រហែល៣០ឆ្នាំជាង បើកដំណើរការយូរហើយ និងសុខសាន្តបំផុត ដែលអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន មើលមិនឃើញ ឬធូរលុង។

លោក វ៉ាន់ សារ៉េត ចៅសង្កាត់បឹងកក២ បានប្រាប់អោយដឹង តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា ៖ “អរគុណខ្ញុំទើបនឹងបានទទួលដំណឹងពីខាងកាសែតសំភាសន៍នេះទេ គោលដៅសំខាន់ខ្ញុំនឹងធ្វើការជាមួយប៉ូលីស មិនអោយមានល្បែងស៊ីសងក្នុងមូលដ្ឋានឡើយ”។ ដោយឡែកលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក មិនអាចទាក់ទងតាមទូរស័ព្ទបាន។ ប៉ុន្តែលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក បានបញ្ជាក់ថា, “បើមានខ្ញុំនឹងបង្ក្រាប”…!

សូមបញ្ជាក់ថា ៖ ការបើកបនល្បែង ជាប្រភពបង្កើតអោយមានបទល្មើសក្នុងមូលដ្ឋាន ហើយបំពានទៅនឹងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ប្រជាពលរដ្ឋមូលដ្ឋាន មានជំនឿថា បើគ្មានពាក់ព័ន្ធនឹងបញ្ហាផលប្រយោជន៍ ក្នុងការបិទភ្នែករំលងពីទីតាំងបនល្បែងនេះទេ គួរបង្ក្រាបផង ខណ:កូវីដ-១៩ក៏កំពុងរាតត្បាត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here