ភ្នំពេញ ៖ ក្តីបារម្ភកាន់តែកើតមានឡើង ព្រោះថា ជំងឺកូវីដ ១៩ ឆ្លងមិនប្រកាន់វ័យនោះទេ សូម្បីក្មេងតូច ហើយខណៈពេលនេះ អ្នកនាង សួស ស្រីផល ហៅសួស វីហ្សា ដែលជា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានប្រកាសថា ឆ្លងកូវីដ-១៩ ក្រោយលទ្ធផលតេស្តលើកទី៣ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ផងដែរថា កន្លងមកអ្នកនាងធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក។

បើតាមអ្នកនាងសួស វីហ្សា បានឲ្យដឹងថា នៅពេលនេះ រថយន្តពេទ្យបានទៅដឹកនាងដល់ផ្ទះដែលមានអាសយដ្ឋាននៅក្នុងបុរីជីបម៉ុង ខណ្ឌឫស្សីកែវ ដើម្បីយកទៅព្យាបាលនៅសណ្ឋាគារ Great Duke។ នាងថា ខ្លួនបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣។

គួររំលឹកថា សួស វីហ្សា បានទៅពិនិត្យសំណាកដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្ដែលុះដល់ការធ្វើតេស្ដលើកទី៣នេះ ស្រាប់តែលទ្ធផលផ្លូវការរបស់ក្រសួងសុខាភិបាល បង្ហាញថា វិជ្ជមានជំងឺកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here