ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តមអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត នៅក្នុងសង្កាត់ ចំនួន ០២ រួមមាន៖ សង្កាត់បឹងត្របែក ចំនួន ៤២៨គ្រួសារ សង្កាត់ផ្សារដើមថ្កូវ ចំនួន ២១១គ្រួសារ សរុបចំនួន ៦៣៩គ្រួសារ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ និងមន្ត្រីខណ្ឌ-សង្កាត់ មួយចំនួនទៀត នៅរសៀលទី២៩ ខែមេសា ឆ្នាំ២០២១ ។

ក្នុងឱកាសនេះ លោក ថេង សុថុល និងលោក ព្រំ សំខាន់ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសម្តេច ទាំងទ្វេរជូនបងប្អូនប្រកបដោយក្តីនឹករលឹកព្រមទាំងការគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ ពិសេស ក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានី ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយបានចាត់តាំងឲ្យរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាល សង្កាត់ចុះមកជួបដោយផ្ទាល់ សួរសុខទុក្ខនិងចែកអំណោយជូនបងប្អូន ដើម្បីជួយសម្រាលការលំបាក របស់ ប្រជាពលរដ្ឋបានមួយកម្រិត ។

លោកអភិបាលខណ្ឌ និងលោកប្រធានក្រុមប្រឹក្សាខណ្ឌ ក៏បានលើកឡើងទាក់ទងនឹងក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ត កណ្តាល ដែលជាជាវិធានការមួយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ១៩ នៅក្នុងមូលដ្ឋាននីមួយៗ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។ ដូច្នេះ ក្នុងដំណាក់កាលដ៏លំបាកនៃការបិទខ្ទប់នេះ គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដោយត្រូវអនុវត្តន៍វិធានការ ៣កុំ និង ៣ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីឆាប់បានត្រឡប់ទៅរកជីវភាពរស់នៅជួបជុំគ្រួសារជាធម្មតា ដូចមុនវិញ ។

ដោយមើលឃើញតំបន់នេះ មានផ្ទះច្រើនជាប់ៗគ្នា ហើយផ្លូវមានលក្ខណៈតូចចង្អៀត ហើយក្នុងពេលនេះ ជារដូវក្ដៅផងនោះ លោក ថេង សុថុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ ដែល អាចកើតឡើងបណ្ដាលមកពីភ្លើងចង្ក្រាន ធូប ទៀន ជាពិសេស បញ្ហាអគ្គីសនី ដោយធ្វើយ៉ាងណាពិនិត្យឱ្យ បានម៉ត់ចត់ កុំមានការធ្វែសប្រហេសឱ្យសោះ ។

បើតាមលោក ស៊ុន សិទ្ធី នាយករដ្ឋបាលខណ្ឌចំការមនបានបញ្ជាក់ថា អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន៖ -អង្ករ ១បាវ ទំងន់ ២៥គីឡូក្រាម -មី ១កេស និងត្រីខ ១យួរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here