ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនក្រោយធ្វើសកម្មភាពវាយប្លន់យកម៉ូតូ កាលពីម៉ោង០៧និង៤០នាទី ថ្ងៃទី ២៤-០៤-២០២១ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ លំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនឈ្មោះ សិត វៃយុ ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវ លំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះ អ៊ឹង មករា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៣០០Z ផ្លូវ ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

លោក គាន់ ឌីណា អធិការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ ១២៥ សេរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1SL-0750 ទៅលេងផ្ទះបងប្អូន ពេលមកដល់នៅចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០៦នាក់ ឈ្មោះ សិត វៃយូ, ឈ្មោះ សូ ម៉ាប់, ឈ្មោះ ពៅ ចំរើន (ហៅ ខ្លី), ឈ្មោះ ទឹង, ឈ្មោះ ញ៉ា និងឈ្មោះ វ៉ាង បានហៅជនរងគ្រោះឲ្យ ឈប់ រួចស្រែកគំរាមជនរងគ្រោះថា ឲ្យម៉ូតូមកអញ!
រួចក៏យកដំបងឈើវាយជនរងគ្រោះចំក្បាលរងរបួសស្រាល ពេលនោះ ជនរងគ្រោះភ័យក៏បានផ្តួលម៉ូតូរត់គេចចេញ រួចពួកជនសង្ស័យក៏នាំគ្នាដេញវាយជនរងគ្រោះទៀត ហើយប្លន់យកម៉ូតូរបស់ ជនរងគ្រោះនាំគ្នាគេចខ្លួនយកដំបងឈើបោះចោលបាត់ រួចជនសង្ស័យឈ្មោះ ញ៉ា ជាអ្នកយកម៉ូតូទៅបញ្ចាំ គេបានលុយ ៣៨០ដុល្លារ ចែកគ្នាស៊ីចាយអស់។ លុះដល់ថ្ងៃទី ២៩-០៤-២០២១ ម៉ោង១១និង០០នាទី សមត្ថកិច្ចយើង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សិត វៃយុ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ ចំណែកបក្ខពួកជនសង្ស័យ ៥នាក់ទៀត ឈ្មោះ សូ ម៉ាប់, ឈ្មោះ ពៅ ចំរើន, ឈ្មោះ ទឹង, ឈ្មោះ ញ៉ា និងឈ្មោះ វ៉ាង នាំគ្នារត់គេចខ្លួនបាត់។

លោកអធិការរង បានឲ្យដឹងដែរថាជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស ០២ឆ្នាំ កាលឆ្នាំ២០១៦ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងធ្លាប់ ប្រើប្រាស់គ្រឿងញៀន៕

LEAVE A REPLY

Please enter your comment!
Please enter your name here