ខេត្តកណ្ដាល ៖ យុវជនម្នាក់បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយត្រូវក្រុមក្មេងទំនើងមួយក្រុមមានគ្នា១០នាក់ ជិះម៉ូតូ ដេញវាយ និងប្រើដុំថ្ម គប់ ទៅលើជនរងគ្រោះ កាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រ២១និង២២។ ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួន បាន៣នាក់ ចំណែក០៧នាក់ទៀតគេចខ្លួនបាត់។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះចំនួន២នាក់ ទី១-ឈ្មោះ មុត ឧត្តម អាយុ១៨ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (ស្លាប់) និងទី២-ឈ្មោះ ឌី សម្បត្តិ អាយុ១៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល (របួសស្រាល)។

ចំណែកក្រុមជនសង្ស័យមានគ្នា ១០នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនបាន០៣នាក់ ទី១-ឈ្មោះ កើត អៀង ទី២-ឈ្មោះ សំ សោភា ហៅភា និង ឈ្មោះ ហេង រ៉ាយុទ្ធ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ចំនួន០១លើក រយៈពេល០២ខែ ពីបទលួចមានស្ថានទម្ងន់ទោស។ ចំណែកក្មេងទំនើងដែលជាបក្ខពួកចំនួន០៧នាក់ទៀត នាំគ្នាគេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូឌុបគ្នា ចេញពីផ្ទះឆ្ពោះទៅមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល ទៅដល់មុខផ្សារបែកចាន ស្រាប់តែមានបក្ខពួកជនសង្ស័យ ជិះម៉ូតូចំនួន០៥គ្រឿងជិះដេញតាមពីក្រោយនិងយកដុំថ្មគប់ទៅលើជនរងគ្រោះ រហូតដល់ចំណុចកើតហេតុជនសង្ស័យនឹងបក្ខពួកបានយកខ្សែក្រវ៉ាត់វាយទៅលើជនរងគ្រោះឈ្មោះឌី សម្បត្តិ ចំនួនពីរខ្សែក្រវ៉ាត់ចំក្បាល និងយកដុំថ្មគប់ចំមុខ ឈ្មោះមុត ឧត្ដម ទើបបណ្ដាលជនរងគ្រោះបានរេចង្កូតដួលម៉ូតូធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកឈ្មោះ ឌី សម្បត្តិ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here