ខេត្តបន្ទាយមានជ័យ ៖ ចាត់វិធានការពីមន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញសុខាភិបាល កងនគរបាល កងរាជអាវុធហត្ថនិងកងទ័ព លើ ករណីអ្នកទទួលខុសត្រូវក្រុមហ៊ុនកាស៊ីណូ Star complex ឬ ផ្កាយ៥ថ្មី នាភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមិនព្រមសហការ អោយយកសំណាកលើបុគ្គលិកសង្ស័យ វិជ្ជមានកូវីដ ១៩។

លោកង៉ោ ម៉េងជ្រួន អភិបាលរងនិងជាតំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ ថ្លែងថា ករណីនេះ បើក្រុមហ៊ុននៅតែមិនសហការអោយបុគ្គលិកខ្លួនចេញមកយកសំណាករកមេរោគកូវីដ ១៩ តាមវិធានការសុខាភិបាលនិងច្បាប់ស្តីពីជម្ងឺកូវីដ ១៩និងជម្ងឺកាចសាហាវ នោះមានតែចាប់ខ្លួនហើយ។

ឧត្តមសេនីយ៍ទោ សេង ធារិន ថ្លែងដូច្នេះនោពេលលោកនិងក្រុមការងារចុះពិនិត្យការអនុវត្តវិធានការរដ្ឋបាល លើការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ នៅក្នុងសហគមន៍ក្នុងមូលដ្ឋាននៃភូមិក្បាលស្ពានសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារ អាជ្ញាធរមានសមត្ថកិច្ចនិងគ្រូពេទ្យជួរមុខបាន ចុះពិនិត្យយក សំណាក នៅទីតាំង ក្រុមហ៊ុនStar Complex ខាងលើ។
ពោលគឺដោយសារជាបន្តបន្ទាប់មានបុគ្គិលក្រុមហ៊ុន ខាងលើ ចំនួន៣៦នាក់បានស្ម័គ្រចិត្ត ចេញពីទីតាំងខាងលើ ទៅពិនិត្យសំណាកតាមរយៈឧបករណ៍តេស្តរហ័ស(Rapid Testh ជាលទ្ធផល ក្រុមការងារបានរកឃើញមានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ១៣នាក់។

ករណីនេះ បុគ្គលិកសន្តិសុខក្រុមហ៊ុនត្រូវបានមន្ត្រីស្រង់សំដីដូចដែលនិយាយថា៖ បុគ្គលិកដែលសង្ស័យត្រូវបានក្រុមហ៊ុនអនុញ្ញាតិអោយចេញក្រៅផ្តល់សំណាកហើយ ។
ក្នុងនោះអ្នកវិជ្ជមានត្រូវបញ្ជូនព្យាបាល។ឯអ្នកអវិជ្ជមានត្រូវដាក់អោយធ្វើចត្តាឡីស័ក។ អ្នកនៅសល់ បានធ្វើការនិងស្នាក់នៅដាច់ឆ្ងាយពីអ្នកវិជ្ជមាននិងអ្នកផ្តល់សំណាកខាងលើ ។

ចំពោះការបង្ហើបនេះ ខាងអ្នកទទួលខុសត្រូវឬអ្នកមានសិទ្ធិនិយាយក្នុងនាមតំណាងក្រុមហ៊ុននេះ មិនព្រមបំភ្លឺដល់សារព័ត៌មានឡើយមកទល់ព្រលប់ថ្ងៃទី៨ខែមិថុនានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here