ភ្នំពេញ ៖ នាពេលកន្លងមក លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ តែងតែដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ចុះជាប្រចាំ រៀបចំអោយមានរបៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាព ធ្វើដំណើរផងដែរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះអនុវត្តវិធានការក្ដៅចំពោះម្ចាស់ទីតាំង លក់រថយន្តមួយចំនួន មានយីហោ វីរះ៦៧ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ដែលមិនគោរពតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញឡើយ ដោយតាំងលក់រថយន្តរំលោភលើចិញ្ជើមផ្លូវមិនរក្សាចិញ្ជើមទុកសម្រាបអ្នកថ្មើរជើងឬជនពិការភាពឡើយ ត្រូវបានកម្លាំងធ្វើការស្ទួចរថយន្តមករក្សាទុកនៅសាលាខណ្ឌ តែម្ចាស់ទីតាំងមិនព្រម អនុវត្តតាមវិធានការរដ្ឋបាលនោះ ទេថែមទាំងរឹងទទឹងជាមួយអាជ្ញាធរទៀតផង។

គួរបញ្ជាក់ផងដែរ កាលពថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចេញសេចក្ដីជូនដំណឹងមួយ លេខ 588/21 សជណ ស្តីពីការបញ្ឈប់ការដាក់តាំងលក់រថយន្តនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញផងដែរ។

យោងតាមសេចក្ដីជូនដំណឹង បានអោយដឹង រដ្ឋបាលខណ្ឌដូនពេញ កន្លងមកបានចុះអនុវត្តការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈបានស្អាតជាប្រចាំ។ ប៉ុន្តែនៅក្រោយពេលបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញមក រដ្ឋបាលខណ្ឌ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានយករថយន្តមកដាក់តាំងលក់នៅលើទ្រូងផ្លូវ និង ចិញ្ចើមផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបណ្តាលឱ្យមាន ការកកស្ទះចរាចរណ៍តាមដងផ្លូវយ៉ាងខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here