ខេត្តព្រះសីហនុ ៖ ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយ មានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈនៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានកែប្រែមុខមាត់ថ្មីក្នុងរយៈពេលដ៏ខ្លី ក្លាយជាទីក្រុងដែលមានការចំរើនខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើង បំភ្លឺផ្លូវ និងសំណង់អគារពាណិជ្ជកម្មតូច ធំ ក៏ដូចជាតាមតំបន់ទេសចរណ៍នានាបង្ហាញពីសម្រស់ និងសក្តានុពលសេដ្ឋកិច្ច។

អ្នកជំនួញអចលនទ្រព្យ និងជាអគ្គនាយកបុរី ឡេង និមល លោកឧកញ៉ា ឡេង និមល បានបង្ហាញការចាប់អារម្មណ៍ក្រោយឃើញការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាមួយនឹងទេសភាពស្អាតអស្ចារ្យក្នុង “ខេត្តព្រះសីហនុ”។

លោកឧកញ៉ាមានប្រសាសន៍ថា៖ « ខេត្តព្រះសីហនុ ជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ដ៏វិសេសវិសាល នឹងធនធានសេដ្ឋកិច្ចខៀវ ប្រកបដោយចីរភាព សមភាព ភាពធន់ និងធម្មជាតិពិតៗ ជាពិសេស កោះ ឆ្នេរ សមុទ្រ ធនធានបាតសមុទ្រ ព្រមទាំងកំពង់ផែទេសចរណ៍ដែលជាគោលដៅ សេដ្ឋកិច្ច ធុរៈកិច្ច និងលំហែកាយវិស្សមកាល រួមទាំងជាគោលដៅទីក្រុងទេសចរណ៍ទំនើបនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត»។

ជាមួយ គ្នា នេះ ខេត្ត ព្រះសីហនុ ក៏ ទទួលបាន គម្រោង វិនិយោគ លើ វិស័យ សេវាកម្ម ទេសចរណ៍ និង សណ្ឋាគារ ចំនួន ៦០ ដោយមាន ទុនវិនិយោគ សរុប ជាង ១០,៧៤ ពាន់ លាន ដុល្លារ គិត មកដល់ ពេល នេះ ។ បើតាមការបញ្ជាក់របស់អភិវបាលខេត្តព្រះសីហុន លោក គួច ចំរើន នាពេលកន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយមន្ដ្រីរាជការនិងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ដ-ក្រុងព្រះសីហនុ កាលពីដើមខែមិថុនាឆ្នាំមុនថា ៖ “តាមរយៈការអភិវឌ្ឍខេត្ដនេះ ជាទីក្រុងទំនើបជាមួយរមណីយដ្ឋាន ឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដែលនឹងទាក់ទាញទេសចរ និង ការវិនិយោគ ថ្មីៗ បន្ថែមទៀត ពី បរទេស ខេត្ដ នេះ ក៏ នឹង បម្រើ ដល់ ការរស់នៅ ដ៏ល្អប្រសើរ សម្រាប់ ប្រជាពលរដ្ឋ ខ្មែរ ផងដែរ »។

គួររម្លឹកថា ខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចមួយ ក្នុងចំណោមប៉ូលសេដ្ឋកិច្ទទាំងបី ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានកំណត់គោលដៅ ជាតំបន់សេដ្ឋកិច្ចពិសេស ពហុបំណង នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដោយសារខេត្តមានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here