ភ្នំពេញ ៖ បើយោងតាមការលួចបង្ហើបពីប្រជាពលរដ្ឋបានឱ្យដឹងថា បច្ចុប្បន្ននេះ អ្នកនៅពីក្រោយខ្នងសម្រាប់កាងឱ្យឈ្មួញរកស៊ីនាំចូលជ្រូករបស់ឧកញ៉ា លឹម សុផល ផ្តាច់មុខចូលមកកម្ពុជា ដែលធ្វើឱ្យប្រជាជនខ្មែរខាតចំណូលជិត១០០លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារទិញសាច់ជ្រូកក្នុងតម្លៃថ្លៃ សម្រាប់បរិភាគប្រចាំថ្ងៃនោះ គឺលោក សៀក ឡេង ដែលមានតួនាទីធំ និងមានឥទ្ធិពលនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក៏ជាកូនប្រសារលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មផងដែរ។

ចំពោះការឃុបឃិតគ្នានេះ ទាំងអ្នកលក់សាច់ជ្រូកតាមតូបនៅផ្សារ កុងស៊ីកាប់ជ្រូក និងអ្នករកស៊ីលក់ជ្រូកសុទ្ធតែដឹងទាំងអស់គ្នា ដោយប្រើប្រាស់ក្រសួងស្ថាប័ន ជំនាញជាខែលការពារការរកស៊ីផ្តាច់មុខ ធ្វើឲ្យខាតបង់ចំណូលប្រជាជននេះ។

ដើម្បីកុំប្រជាពលរដ្ឋខាងបង់ថវិការាប់រយលានដុល្លារបែបនេះទៀត ពលរដ្ឋស្នើឲ្យមានការរៀបចំដាក់ដេញថ្លៃគោលការណ៍នាំចូលជ្រូករស់ពីប្រទេសថៃ ដើម្បីប្រមូលចំណូលចូលជាតិផង និងជួយឲ្យប្រជាពលរដ្ឋសន្សំបានការចំណាយរបស់ខ្លួនផងដែរ។

សូមជម្រាបថា បើតាមប្រជាពលរដ្ឋដែលលួចបង្ហើបអំពីការឃុបឃិតគ្នា ក្នុងការនាំចូលជ្រូកផ្តាច់មុខ ខាងលើនេះ បានលើកឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ ថ្នាក់ដឹកនាំក្រសួង គួរគិតគូរដោះបញ្ហានាំចូលត្រី និងនាំចូលជ្រូករស់ កុំបន្តឱ្យឈ្មួញនាំចូលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ខាតចំណូលរាប់រយលានដុល្លារក្នុងមួយឆ្នាំៗតទៅទៀត។ ប៉ុន្ដែដំណោះស្រាយត្រូវលោករដ្ឋមន្រ្តីកសិកម្ម ឈប់កាងឱ្យកូនប្រសារគាត់លូកលាន់ ចូលក្នុងជំនួញជ្រូកដែលនាំឱ្យប្រជាជនខាតបង់ជិត ១០០លានដុល្លារក្នុងមួយឆ្នាំៗ។ ដាក់ដេញថ្លៃរឿងផ្គត់ផ្គង់ជ្រូកនាំចូលបំពេញការខ្វះខាតយកលុយចូលថវិការជាតិវិញ។

តើពលរដ្ឋខ្មែរពិតជារងការខាតបង់ប្រាក់ ចំណូលរបស់ខ្លួនជិត ១០០លានដុល្លារក្នុង១ឆ្នាំ ពីការទិញសាច់ជ្រូកនាំចូលក្នុងតម្លៃថ្លៃពិតមែនឬ? ថ្មីៗនេះមានប្រភពព័ត៌មានមួយ បានបង្ហាញគិតគូរគណនាតួរលេខ នៃការនាំចូលជ្រូករស់របស់ឈ្មួញនាំចូល សូមដកស្រង់ដូចខាងក្រោម៖

តម្លៃជ្រូករស់នៅប្រទេសថៃ នៅសប្តាហ៍នេះតម្លៃ៦៦ បាតថៃ គឺស្មើនឹង៨,៥០០រៀលក្នុង១គីឡូក្រាមក្រុមហ៊ុន C/P ដឹកអោយដល់ព្រំដែនកម្ពុជាតែម្តង បើបូកថែមចំណាយផ្សេងៗ ឲ្យអស់រកតម្លៃជ្រូករស់មកដល់ប្រទេសកម្ពុជា៖

(តម្លៃជ្រូករស់ជាក់ស្តែងនៅប្រទេសថៃថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ៖ក្រុមហ៊ុន CPF លក់ចេញ ៦៦បាត ដឹកដល់ព្រំដែនកម្ពុជាថៃ)
– ផាត់ថ្លៃស្រក់គីឡូ៖ ៣០០រៀលក្នុង១គីឡូ
– បង់ពន្ធនាំចូល ៥០០រៀលក្នុង១គីឡូ
សរុបថ្លៃដើមគឺ៖ (៨,៥០០ + ៣០០ + ៥០០) = ៩,៣០០រៀលក្នុង១គីឡូក្រាម ស្រាប់តែជ្រូករស់ឆ្លងដល់ព្រំដែនកម្ពុជា អ្នកនាំចូលលក់ក្នុងតម្លៃមួយខ្ពស់គឺ ១៣,៥០០រៀលទៅ១៤,០០០រៀលក្នុង១គីឡូ គឺចំណេញ៤០០០រៀលក្នុង១គីឡូ។ ដោយជ្រូកមួយក្បាលមានទំងន់ ១០០គីឡូជាមធ្យម ហើយក្រុមហ៊ុនគេនាំចូលយ៉ាងតិច ១២០០ក្បាលក្នុងមួយថ្ងៃ សាកគុណលុយចំណេញខាងក្រោមនេះ៖
– ប្រាក់ចំណេញ = (ថ្លៃលក់ -ថ្លៃដើម )
– ប្រាក់ចំណេញ = (១៣,៥០០-៩,៣០០) = ៤២០០រៀលក្នុង1kg
+ ប្រាក់ចំណេញសរុបជាអក្សរ: (ចំណេញក្នុង១គីឡូ x ទំងន់ជ្រូក១០០kg x បរិមាណសរុបប្រចាំថ្ងៃ ១២០០ ទៅ ២,៨៨០ក្បាល) គោលការណ៍ជាក់ស្តែង: ២,៨៨០ក្បាលក្នុង១ថ្ងៃ។
+ ប្រាក់ចំណេញសរុបជាតួលេខ: (៤,២០០រៀល x ១០០kg x ១២០០ក្បាល)= ៥០៤,០០០,០០០រៀល គិតជាដុល្លារ = ១២៦,០០០ដុល្លារក្នុង១ថ្ងៃ (នេះគ្រាន់តែការចំណេញមួយផ្នែក របស់អ្នកនាំចូលផ្តាច់មុខតែប៉ុណ្ណោះ)។

ពិតណាស់ គឺតម្លៃសាច់ជ្រូកនៅលើទីផ្សារមានតម្លៃថ្លៃខ្លាំងណាស់ នាពេលបច្ចុប្បន្ននេះ គឺ ២៧,០០០រៀលក្នុង១គីឡូក្រាម ។ ដែលតម្លៃពីមុនគឺត្រឹមតែ១៨,០០០រៀលតែប៉ុណ្ណោះ ក្នុង១គីឡូក្រាម។

បើនិយាយពីរូបមន្តចំណាយរបស់កសិដ្ឋានធំៗ លើការចិញ្ចឹមជ្រូកបានកើនគីឡូ១គីឡូ គឺត្រូវចំណាយត្រឹម តែ ១.៨០ដុល្លារប៉ុណ្ណោះ ការចំណាយនេះរួមមាន: ចំណី, ការចាក់វ៉ាក់សាំងជ្រូក, កម្លាំងពលកម្មកម្មករ, រួមទាំងហានិរភ័យផ្សេងៗរួចអស់ហើយ។

បើនិយាយពីតម្លៃជ្រូករស់របស់ប្រទេសជិតខាងកម្ពុជា ដែលនាំចូលពីថៃដូចគ្នាមានដូចជា ភូមា វៀតណាម និងឡាវ គឺតម្លៃជ្រូករស់របស់យើងថ្លៃជាងគេ ៣០០០ទៅ ៤០០០រៀលក្នុង១គីឡូក្រាម ដូច្នេះបើតាមគោលការណ៍ ដែលក្រសួងចេញឲ្យក្រុមហ៊ុន៣ សរុបប្រមាណ២៨០០ក្បាលក្នុង១ថ្ងៃនោះ គឺកម្ពុជាខាតបង់៖ (២៨០០ x ១០០x ៤,២០០រៀល x ៣៦៥ថ្ងៃ) = ៤២៩,២៤០,០០០,០០០រៀល = ១០៧,៣១០,០០០ដុល្លារ ក្នុង១ឆ្នាំ គិតតាមតម្លៃជាក់ស្តែងក្នុងសប្តាហ៍។

បញ្ហាការនាំចូលជ្រូករស់ពីប្រទេសថៃចូលមកម្ពុជានេះ បានកើតឡើងជាដដែលៗមិនចប់មិនហើយសោះ ចាប់តាំងពីឆ្នាំមុនមកដល់ពេលនេះ ពាក់ព័ន្ធការប្រមូលការ នាំចូលផ្តាច់មុខ ធ្វើឲ្យទីផ្សារតម្លៃសាច់ជ្រូកនេះឡើងថ្លៃជាបន្តបន្ទាប់។

អ្នកតាមដានបញ្ហានេះយល់ឃើញថា ដើម្បីបញ្ចប់បញ្ហាដដែលៗនេះ រាជរដ្ឋាភិបាលគួរបង្កើតគណៈកម្មការមួយ ដែលមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឲ្យយ៉ាងណាស្វែងរកការពិត ថាមានការឃុបឃិតគ្នាផ្តាច់មុខ រវាងឈ្មួញនិង កូនប្រសាររដ្ឋមន្ត្រីក្រសួងកសិកម្ម នាំឲ្យប្រជាពលរដ្ឋខាតបង់ចំណូលរាប់សិបលានដុល្លារក្នុងមួយឆ្នាំៗមែនឬយ៉ាងណា?

ម្យ៉ាងវិញទៀត ប្រសិនបើសិក្សារកឃើញថា កម្ពុជាពិតជាមានសមត្ថភាពក្នុងការផ្គត់ផ្គង់ជ្រូកក្នុងទីផ្សារក្នុងស្រុកគ្រប់គ្រាន់ហើយនោះ សូមបិទការនាំចូលទាំងស្រុងតែ ម្តងទៅ ដើម្បីកុំឲ្យកើតបញ្ហាដដែលៗ និងប៉ះពាល់ការចិញ្ចឹមក្នុងស្រុក។

ប៉ុន្តែប្រសិនបើការចិញ្ចឹមក្នុងស្រុកនៅមិនទាន់ផ្គត់ផ្គង់តម្រូវការហូបរបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នោះទេ ដោយនៅខ្វះចំនួនណាមួយនោះ សូមយកចំនួននោះមកដាក់ចេញថ្លៃគោលការណ៍នាំចូល យកថវិកាចូលជាតិផង និងចំណេញដល់ប្រជាជនផង ហើយនិងឈានទៅបញ្ចប់បញ្ហាដដែលៗ ដែលបានកើតឡើងមិនចេះចប់នេះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here