ភ្នំពេញ ៖ បុរសពីរនាក់បើកម៉ូតូឌុបគ្នាយ៉ាងលឿនជ្រុលចង្កូតទៅបុករថយន្តធុនធំបត់ត្រឡប់ក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យម្លិះដង្កោ និងម្នាក់ទៀត បានរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅម៉ោងជាង៨យប់ ថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២១ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈ CALTEX លើផ្លូវលេខ២១៧ ស្ថិតក្នុងភូមិ ព្រែកកំពឹស សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបើកម៉ូតូម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ តាកែវ1W-4892 បើកបរដោយឈ្មោះ ទោយ សុភា អាយុ ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនជីបម៉ុង មានទីលំនៅភូមិព្រៃវែង ឃុំធ្លក ស្រុកទ្រាំ ខេត្តតាកែវ (រងរបួសស្រាល មិនពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរជាមួយមានឈ្មោះ ហៀន ច្រច អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនជីបម៉ុង មានទីលំនៅ ស្ថិតក្នុងភូមិព្រែកតាពៅ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យម្លិះដង្កោ មិនពាក់មួកសុវត្ថិភាព)។ ចំណែកភាគីរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8876 ( អ្នកបើកបររថយន្តពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ)។

ប្រភពព័ត៌មាននៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងហើយ និងម៉ូតូបើកបរស្របទិសដៅគ្នាតាមបណ្តោយផ្លូវលេខ២១៧ក្នុងពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានបត់ត្រលប់ក្រោយ ស្របពេលនោះក៏មានម៉ូតូបើកមកពីក្រោយ ក៏បានបុករថយន្តចំពីទំហឹងបណ្ដាលឲ្យមនុស្សប្រុសម្នាក់ រងរបួសធ្ងន់ហើយបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យម្លិះដង្កោ និងមនុស្សប្រុសម្នាក់ទៀត បានរងរបួសស្រាល ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើ្កំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here