ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលអោយបុរស០២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដែលបង្កឡើងដោយ រថយន្ត Toyota Prius មួយគ្រឿងបានបុកម៉ូតូ SUZUKI Nek កាលពីម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចខាងជើង ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ តាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

សពបុរសរងគ្រោះទាំង២នាក់ខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាក SUZUKI Nek ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1AF-2197 ជិះគ្នាពីរនាក់ទាំងអ្នកឌុប ធ្វើដំណើរតាមបណ្ដោយផ្លូវហ្គ្រេនភ្នំពេញ ទិសដៅពីត្បូងទៅជើង ខណៈដល់ចំណុចកើតហេតុក៏ត្រូវរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AQ-5612 ធ្វើដំណើរបញ្ច្រាស់គ្នា ហើយបុកម៉ូតូជនរងគ្រោះពេញទំហឹងអូសទៅចញ្ចើមផ្លូវរងការខូចខាតទាំងស្រុង និងបណ្ដាលឲ្យបុរសពីរនាក់ភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែង។ ដោយឡែករថយន្តបង្កបានរេចង្កូតទៅធ្លាក់ចូលក្នុងដីឡូត៍ចំងាយប្រហែល៥០ម៉ែត្ររងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែមិនដឹងថាតៃកុងប្រុសឬស្រីនោះទេ ដោយបានគេចខ្លួនបាត់ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់យករថយន្តបង្ក និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ ចំណែកឯសពជនរងគ្រោះទាំងពីរ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា បណ្ដោះអាសន្ន ដើម្បីទាក់ទងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here