ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តកុងតឺន័រ បើកបុកម៉ូតូកង់បី ទាំងព្រឹកព្រលឹម បណ្តាលអោយស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្ស០៨នាក់ទៀត ទទួលរងរបួសធ្ងន់ស្រាល នៅលើផ្លូវជាតិលេខ៤ មុខក្លោងទ្វារវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។

ស្ត្រីដែលស្លាប់មាន ឈ្មោះ វឿន ស្រីនី អាយុ៤៦ឆ្នាំ មានប្តីឈ្មោះ ម៉ក់ ចិត្ត្រា អាយុ៣៦ឆ្នាំ ចំណែកអ្នកបើករ៉ឺម៉ក ត្រូវជាក្មួយមានឈ្មោះ ម៉ៅ ដន អាយុ២៩ឆ្នាំ និងជនរងគ្រោះចំនួន៨នាក់ទៀត ត្រូវជាក្មួយ តូចៗ សរុបជិះលើរ៉ឺម៉ក មានគ្នា៩នាក់សុទ្ធតែអ្នកប្រកបរបរដើរសុំទាន ស្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅ ខេត្តព្រៃវែង ដោយឡែករថយន្តបង្កម៉ាកនីសាន់ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 3A-6481 អ្នកបើកបរគេចខ្លួនបាត់។

តាមអ្នកបើករ៉ឺម៉ក បានឲ្យដឹងថា សព្វថ្ងៃពួកគាត់ជាអ្នកដើរសុំទាន តាមមុខរោងចក្រ ហើយមុនកើតហេតុ ពួកគាត់មានគ្នា៩នាក់ធ្វើដំណើរតាមរ៉ឺម៉កម៉ូតូកង់បី ក្នុងបំណងចេញទៅរកសុំទាន នៅមុខរោងចក្រ បើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើតលុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតៃន័រ បើកពីកើតទៅលិច ល្បឿនលឿន វ៉ាជែង ជ្រុលមកកៀររ៉ឺម៉ក ក្រឡាប់ហើយកិន បណ្តាលឲ្យស្លាប់ម្នាក់ និង៨នាក់ទៀតរងរបួសតតែម្ដង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះក្មេងស្រីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here