ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅសហការណ៍ជាមួយការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ដកហូតថ្នាំញៀន១២កញ្ចប់ និងអាវុធខ្លី១ដើម។

ការចុះឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី ០៤ ខែ វិច្ឆិកា នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំទី១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនៅចំណុចផ្ទះលេខ៥១៧ ផ្លូវជាតិលេខ១ ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ឡូ ភារម្យ អធិការរងប្រឆាំងគ្រឿងញៀនខណ្ឌច្បារអំពៅបានឲ្យដឹងថា ៖
១.ជនសង្ស័យឈ្មោះ អ៊ឹម សុវិចិត្រ អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២.ជនសង្ស័យឈ្មោះ ស៊ីម ចិត្រា អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៣.ជនសង្ស័យឈ្មោះ ខាន់ ឧត្តម អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សំភារៈដកហូតរួមមាន ក្រាមពណ៌សថ្លា ០១ កញ្ចប់ថង់តូច ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១ កំប្លេរ ស្បោងប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងទូរស័ព្ទម៉ាក ណូគា(ចាស់) ពណ៌ខៀវ ចំនួន ០១គ្រឿង ជារបស់ឈ្មោះ អ៊ឹម សុវិចិត្រ និងក្រាមពណ៌សថ្លា ១១ កញ្ចប់ថង់តូច អាវុធខ្លី ០១ ដើមម៉ាក K-៥៩ លេខ៧៦៧៦ បង់ចំនួន ០១ និងគ្រាប់ចំនួន ០២ គ្រាប់ ជារបស់ឈ្មោះ ស៊ីម ចិត្រា។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here