ភ្នំពេញ​ ៖​ ទីតាំងហាងកាហ្វេគ្មានយីហោមួយកន្លែងបើកលេងល្បែងស៊ីសង ភ្នាល់បាល់តាមអនឡាញ​ជ្រកក្រោមរូបភាពលក់កាហ្វេ ដែលប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យទៅវិញ។ ហាងកាហ្វេនេះស្ថិតនៅតាមបណ្ដោយផ្លូវ១០១ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​។

ជាក់ស្ដែងហាងកាហ្វេមួយនេះមិនបានបំរើសេវាភេសជ្ជៈនោះទេ​ តែបែរជាមានមនុស្សច្រើននាក់ទៅអង្គុយលេងជួបជុំនៅទីតាំងខាងលើនេះជារៀងរាល់ថ្ងៃ បានប្រមូលផ្ដុំគ្នា ដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ទាល់តែសោះ​..? ដូច្នេះហើយ​ ទើបប្រជាពលរដ្ឋទទូចស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន​ ជួយបើកការស្រាវជ្រាវ​ឆ្មក់បង្ក្រាបទីតាំងខាងលើនេះផង​ ដើម្បីចូលរួមបង្កា​រ​ ទប់ស្កាត់​ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩​ និងដើម្បីភូមិ​ សង្កាត់​ ខណ្ឌ​ គ្មានអំពើចោរកម្ម​ លួច​ ឆក់​ ប្លន់​ ក្នុងមូលដ្ឋាន​។

ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំនូមពរដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោកយិន សាន អធិការនគរបាលខណ្ឌចំការមន គួរមានវិធានការចំពោះទីតាំងនេះផង។

សូមរំលឹកថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់។

នាពេលកន្លងមកសម្ដេច ក្រឡាហោម ស ខេង ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»៕

LEAVE A REPLY

Please enter your comment!
Please enter your name here