ភ្នំពេញ ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងនិងភរិយា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៤)បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចពញាចក្រី ហេង សំរិន ក៏បានធ្វើការអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ពិសេសដើម្បីទប់ស្កាត់វីរុស បំប្លែងថ្មីអូមីក្រុង កុំឱ្យឆ្លងរីករាលដាលក្នុងសង្គមជាតិរបស់យើង។ ម្យ៉ាងវិញទៀត ទោះបីបងប្អូនជនរួមជាតិ បានចាក់វ៉ាក់សាំងដូសជំរុញលើកទី៣ និងលើកទី៤ហើយយ៉ាងណាក្តី ក៏សូមបន្តអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទើបយើងអាចទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩នេះ រីករាលដាលនៅក្នុងសង្គមជាតិយើងសារជាថ្មីបាន។

ការផ្អាកសកម្មភាពសង្គម និងសេដ្ឋកិច្ចរបស់សកលលោក ក៏ដូចជាប្រទេសកម្ពុជានាពេលកន្លងមក ពិតជាបានបង្កការលំបាកយ៉ាងខ្លាំងដល់សេដ្ឋកិច្ច សង្គម ជាពិសេសការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់យើង។ ដូច្នេះដើម្បីចៀសផុតពីការលំបាក ទាំងនោះម្តងទៀត សូមជនរួមជាតិចូលរួមចាក់វ៉ាក់សាំង និងអនុវត្តវិធានការសុខាភិបាលឱ្យបានហ្មត់ចត់ មិនត្រូវធ្វេសប្រហែសឡើយ។ មានតែការចូលរួមរបស់យើងគ្រប់គ្នានោះទេ ទើបគ្រួសារយើង សង្គមជាតិយើង អាចឈ្នះនឹងជំងឺកូវីដ-១៩បាន។

ជាថ្មីម្តងទៀតសម្តេច ក៏សូមសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺដ៏កាចសាហាវនេះ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សាំងបានយ៉ាងជោគជ័យ រហូតយើងអាចឈានដល់ការបើកសង្គម និងសេដ្ឋកិច្ចបានឡើងវិញនៅពេលនេះ។

ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយ ដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំង និងឧបករណ៍វិទ្យាសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ជាបន្តបន្ទាប់ រហូតមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here