ខេត្តព្រះវិហារ ៖ កសិករកម្ពុជាបានសម្តែងការព្រួយបារម្ភអំពីការត្រួតត្រារបស់ក្រុមហ៊ុនបរទេសនៅក្នុងភូមិ ស្រុករបស់ពួកគេ ខណៈដែលម្ចាស់ក្រុមហ៊ុននៅតែបន្តគ្រប់គ្រងដីធ្វើស្រែកាន់តែច្រើន ដែលធ្វើឲ្យអ្នកស្រុកពិបាកប្រកបរបរចិញ្ចឹមជីវិត និងបង្កឲ្យមានការធ្វើចំណាកស្រុក។ នេះជាភស្តុតាងនៅភូមិដែលជនជាតិដើមភាគតិចកួយរស់នៅក្នុងខេត្តព្រះវិហារ។ អាជ្ញាធរបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនបរទេសនៅទីនោះជួលដីឱ្យអ្នកចំណូលស្រុកដែលធ្វើឱ្យអ្នកភូមិបានបាត់បង់ដីស្រែចម្ការជាច្រើន ជាហេតុធ្វើឱ្យមនុស្សជាច្រើនស្វែងរកការងារនៅបរទេស។ ឥឡូវនេះ អ្នកភូមិដែលរងគ្រោះ និងក្រុមដែលធ្វើការលើសិទ្ធិមនុស្សបានចាប់ផ្តើមសិក្សាលើមូលដ្ឋានច្បាប់នៃសិទ្ធិរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងដីរបស់ពួកគេ និងទាមទារកំណែទម្រង់។

អ្នកមីង ទៀប ទឹម បានរៀបរាប់ថា ៖ នៅភូមិរបស់ខ្ញុំនេះមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនផលិតស្ករអំពៅតាំងពីឆ្នាំ២០១២។ សហគមន៍របស់ខ្ញុំបានបាត់បង់ដីធ្វើស្រែ ដីចម្ការ ព្រៃជំនឿ គ្រឹះប្រាសាទបុរាណ ត្រូវបានគេបំផ្លាញអស់ហើយ។ ជនជាតិចិនដែលនៅ៣នាក់នោះ បានយកដីសម្បទានពីរដ្ឋនោះទៅជួលឱ្យអ្នកចំណូលស្រុក ១០០$ ក្នុងមួយហិកតា។ ជនជាតិចិននោះក៏តម្រូវឱ្យពួកខ្ញុំបង់ថ្លៃជួលផងដែរ តែពួកខ្ញុំមិនព្រម ព្រោះដីនោះជាដីរបស់ពួកខ្ញុំ ហេតុអ្វីខ្ញុំត្រូវចំណាយលុយជួលដីនោះ។ ខ្ញុំមានសិទ្ធិធ្វើស្រែនិងចម្ការលើដីរបស់ខ្ញុំ

លោក Lor Chan បានអោយដឹងថា ៖ ក្រុមហ៊ុននោះគឺជាក្រុមហ៊ុនចិន ឈ្មោះក្រុមហ៊ុនធំគឺក្រុមហ៊ុន Hengfu Group ក្រុមហ៊ុននេះបានបង្កើតក្រុមហ៊ុនតូចៗចំនួន៥ ដែលមាន Heng Non Cambodia International Co. Ltd, Heng Yue Cambodia International Co. Ltd, Heng Rui Cambodia International Co. Ltd, Lan Feng Cambodia International Co. Ltd, and Rui Feng Cambodia International Co. Ltd,។ កុងត្រារវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុននេះគឺ ការធ្វើការសិកម្មដាំ ដើមកៅស៊ូ អំពៅ និងដើមអាកាស្យា តែជាក់ស្តែងក្រុមហ៊ុនដាំអំពៅ ការដាំអំពៅរបស់ក្រុមហ៊ុនមិនខុសនោះទេ ក្រុមហ៊ុនខុសត្រង់រំលោភយកដីធ្លីរបស់ជនជាតិភាគតិច គួយ លើសពីនេះយកដីរបស់ជនជាតិភាគតិចគួយទៅជួលឱ្យអ្នកចំណូលស្រុកថែមទៀត ហើយចំនុចដែលមិនប្រក្រតីនោះ គឺក្រុមហ៊ុនបានយកដីសម្បទាននោះទៅដាំស្រូវ ដែលទង្វើរមួយនេះគឺក្រុមហ៊ុននោះកំពុងប្លន់មុខរបររបស់ប្រជាជនដើមភាគតិច គួយ។ ចឹងក្រុមហ៊ុនធ្វើបែបនោះ គឺខុសទៅនឹងកុងត្រាដែលបានព្រមព្រាងជាមួយរាជរដ្ឋាភិបាល ចឹងក្រុមហ៊ុនមានសិទ្ធិធ្វើតែកសិកម្មណាដែលបានចែងក្នុងកុងត្រាតែប៉ុណ្ណោះ។

លោក Lor Chan បន្តថា ៖ ជាគោលការច្បាប់សម្បទានដីធ្លី ក្រុមហ៊ុនវិនិយោគមួយគ្មានសិទ្ធិទទួលបានដីសម្បទានដីលើសពី ១០០០០ ហិកតានោះទេ។ ប៉ុន្តែជាក់ស្តែង ថ្មីៗនេះខ្ញុំមានការសហការជាមួយ EC ក៏ដូចជាមួយអង្គការផ្សេងៗទៀត យើងធ្វើការសិក្សារនៅក្រុមហ៊ុនទាំង៥ខាងលើគឺមានផ្ទៃដីសម្បទានលើពី ៥០០០០ ហិកតា ដូច្នេះបើយោងទៅលើគោលការច្បាប់ដីសម្បទានគឺក្រុមហ៊ុននេះបានធ្វើកំហុសមួយយ៉ាងធ្ងន់។

អ្នកមីង ស៊ឹង សាំ ក៏បានអោយដឹងថា ៖ ដោយសារតែបញ្ហាដីធ្លីនេះហើយទើប ប្រជាជនភាគតិចគួយមានការចំណាកស្រុក រហូតដល់ថ្នាក់ចេញទៅធ្វើជាពលករនៅបរទេស មានប្រទេសថៃជាដើម។ ប៉ះពាល់ដល់ការសិក្សា ដូចជាចៅរបស់ខ្ញុំផ្ទាល់ដែលទើបឈប់រៀន។ ខ្ញុំមានអារម្មណ៍ថាសោកស្តាយណាស់ តែមិនដឹងត្រូវធ្វើយ៉ាងណា ព្រោះក្រុមហ៊ុនមានអំណាច ហើយសហគមន៍ខ្ញុំទន់ខ្សោយ។ ដូច្នេះយើងនឹងរក្សារជំហរសម្រាប់ការតស៊ូមតិតែប៉ុណ្ណោះដើម្បីទាមទាដីរបស់ពួកយើងមកវិញ។

រីឯអ្នកមីង ទៀប ទឹម ក៏បានបញ្ជាក់ដែរថា ៖ ការផ្តល់ដីសម្បទានគួរតែផ្តល់ដីណាដែលប្រជាជនមិនអាចធ្វើការដំាដុះបាន។ តែដីជម្លោះនេះជាដីរបស់ប្រជាជនភាគតិច កួយ កំពុងដាំដុះ។ អ្វីដែលជាមុខរបរយើងត្រូវបានគេប្លន់យក គេផ្តល់ឱកាសអ្នកវិនិយោគបានរស់ស្រួល បែរជាទុកឱ្យកសិករមានទុក្ខលំបាកបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here