ភ្នំពេញ ៖ បទល្មើសចោរកម្ម និងឆក់ ហាក់ផ្ទុះកក្រើកជាថ្មីទៀតហើយនៅខណ្ឌមានជ័យ ស្របពេលដែលទីតាំងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ឡូតូ កំពុងរីកដូចផ្សិតតាមបណ្តាសង្កាត់មួយចំនួន ក្នុងមូលដ្ឋានខណ្ឌខាងលើនេះ ខណៈពលរដ្ឋបានរិះគន់អាជ្ញាធរ ខណ្ឌមានជ័យ ថា មានល្បែងស៊ីសងពេញទឹកពេញដី ទើបអស្ថិរភាពសន្តិសុខក្នុងមូលដ្ឋានបែបនេះ។

ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលេខ៨៥BT ភូមិចម្រើនផល ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ បានឱ្យដឹងថា បច្ចុប្បន្ន ក្នុងមូលដ្ឋានសង្កាត់បឹងទំពុនទី២មានការបើកទីតាំងភ្នាល់ល្បែងស៊ីសងអនឡាញច្រើនណាស់ ជាពិសេសក្បែរផ្សារប៉េសេ(PC)តែអាជ្ញាធរហាក់មើលមិនឃើញ និងមានការកើនឡើងនូវចោរកម្មចូលលួចទ្រព្យសម្បត្តិអ្នកភូមិស្ទើរតែរាល់យប់រីឯសកម្មភាពចោរឆក់ក៏ផ្ទុះឡើង ខ្លាំងដែរនៅមួយរយៈពេលចុងក្រោយនេះ។

ជាក់ស្តែង កាលពីខែកុម្ភៈថ្មីៗ មានករណីចោរឆក់ពីរថ្ងៃជាប់ៗគ្នាតែម្ដង ពោលគឺករណីទី១.ឆក់ទូរសព្ទជនបរទេស ស្បែកខ្មៅ នៅម្តុំភូមិចម្រើនផល ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២១យប់ថ្ងៃទី២២កុម្ភៈ និងករណីទី២.ឆក់នារីវ័យក្មេង ជនជាតិខ្មែរ ឈ្មោះ ឈឿន ស្រីចិន ភេទស្រី អាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិក ក្រុមហ៊ុនឯកជនស្នាក់នៅម្តុំវត្តសន្សំកុសល ត្រូវបានចោរឆក់កាបូប នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១។ ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង២០:៤០នាទីយប់ថ្ងៃទី២៣កុម្ភៈ។ហើយនាពេលកន្លងមកថ្មីនេះក៏គេសង្កេតឃើញថាករណីនៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ក្នុងមូលដ្ឋានខណ្ឌមានជ័យនេះដែរក៏មានច្រើនករណីផងដែរ តែមិនដែលឃើញសមត្ថកិច្ចបង្ក្រាបបាននៅឡើយទេ បញ្ហាចោរកម្មទាំងនេះដែលកើតចេញពីទីតាំងល្បែងសុីសងជាច្រើននៅក្នុងខណ្ឌមានជ័យ ដែលសមត្ថកិច្ចមូលដ្ឋានយើងមិនបង្ក្រាប ទុកឲ្យបើកលេងយ៉ាងសប្បាយដោយមិនខ្វល់រឺក៏ជាឆ្នាំងបាយទើបមិនបង្ក្រាប។

ដោយឡែក បើយើងក្រឡេកទៅមើល ទីតាំងភ្នាល់ល្បែងអ៉ីនធើណេតវិញ គឺបានរីកដូចផ្សិតក្នុងមូលដ្ឋាន សង្កាត់ទាំងពីរខាងលើនេះ ពិសេសទីតាំងស្ថិត នៅបរិវេណផ្សារប៉េសេ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ គឺម្ចាស់ទីតាំង បើកការភ្នាល់ជាចំហគ្មានខ្លាចញញើតសមត្ថកិច្ចនោះទេ ខណៈលោក កែវ ពេជ្រមុន្នី អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ គ្មានវិធានការចំពោះទីតាំងទាំងនេះឡើយ។ ប្រភពពីប្រជាពលរដ្ឋរស់នៅ ជាប់ទីតាំងកន្លែងភ្នាល់ល្បែង ស៊ីសងខាងលើ បានប្រាប់ ភ្នំពេញរីផតធ័រ ថា អាជ្ញាធរមូលដ្ឋាន គ្មានចំណាត់ការទេ ព្រោះពួកគេបានទទួលប្រាក់បង់ ប្រចាំខែពីម្ចាស់ទីតាំងទាំងនោះ ដោយបានគុបគិតគ្នា ជាប្រព័ន្ធតាំងពីថ្នាក់ក្រោមដល់លើ (អាជ្ញាធរខណ្ឌ) ដូច្នេះហើយបានជា ម្ចាស់ទីតាំងបើកបានយ៉ាងរលូនបែបនេះ។

សូមបញ្ជាក់ផងដែរថា កន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា និងព្រមានចាត់វិធាន ការក្ដៅទៅលើមន្ត្រីក្រោម ឱវាទអធិការក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឱ្យមាន សកម្មភាពល្បែងស៊ីសង គ្រប់ប្រភេទខុសច្បាប់។
ដោយឡែក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង និបទល្មើសខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំលុបបំបាត់ ល្បែងស៊ីសង បទល្មើសគ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀនជាដើម។ល។ បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សា ក្នុងគ្រួសារ ក្នុងមូលដ្ឋាន អាចកើតឡើងដោយសារតែល្បែងស៊ីសងនេះផងដែរ ដែលផ្ទុយពីគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here