ភ្នំពេញ ៖ ជនសង្ស័យម្នាក់មានជំនាញខាងដើរលួចម៉ូតូត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ១៩១HF ផ្លូវបេតុង ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះស៊ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះលេខ១៩១HF ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ចំណែកជនសង្ស័យជាចោរលួចម៉ូតូឈ្មោះសុខ ជា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក ខណ្ឌជូនពេញ រាជធានីភ្នំពេញ(មានសារធាតុញៀន។

វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាអាយខុន ពណ៌ស ក្រហម ពាក់ស្លាកលេខភ្នំពេញ1BH-4747 (របស់ជនរងគ្រោះ)។ សោខ្សៀចំនួន០១(របស់ជនសង្ស័យ)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៩និង១០នាទីយប់ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះ ដោយពុំបានដកសោចេញពីម៉ូតូនោះទេ រហូតដល់ម៉ោង១៩និង៣០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យធ្វើដំណើរតាមផ្លូវឃើញ ក៏បានធ្វើសកម្មភាពលួច តែពេលធ្វើសកម្មភាពបានហើយ ពេលជិះម៉ូតូចេញជនរងគ្រោះឃើញទាន់បានស្រែកឆោឡោ ហើយកម្លាំងសម្ថកិច្ចល្បាតបានជួយធ្វើអន្តរាគមន៍ឃាត់ជនសង្ស័យបានភ្លាមៗនៅក្បែកន្លែងកើតហេតុ ព្រមទាំងវត្ថុតាងផងដែរ។

ជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបាន កម្លាំងជំនាញប៉ុស្តិ៍និងខណ្ឌ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here