ភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បន្តដឹកនាំសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឬស្សីកែវចុះធ្វើសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវខណ្ឌឫស្សីកែវ។

លោកអធិការនគរបាលខណ្ឌ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញផ្នែកអត្តសញ្ញាណម្ម-ប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងកម្លាំងការិយាល័យគ្រប់គ្រងការស្នាក់នៅ ព្រមទាំងមានការចូលរួមពី មន្រ្តីរដ្ឋបាលខណ្ឌឫស្សីកែវ និងរដ្ឋបាលសង្កាត់ទាំង៧ ចុះជំរុញធ្វើសៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤) ជូនប្រជាពលរដ្ឋដោយផ្ទាល់ដល់ភូមិ តាមសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ ចាប់ពីថ្ងទី៧ខែមីនា ឆ្នាំ២០២២រហូតមកដល់បច្ចុប្បន្នបានចុះធ្វើសៀវភៅស្នាក់នៅ(ក២)បាន១១៥៧ក្បាល និងសៀវភៅគ្រួសារ(ក៤)បាន១៥៨៤ ក្បាល។ លោកអធិការបន្តថា ប្រជាពលរដ្ឋតាមសង្កាត់ទាំង៧ ក្នុងខណ្ឌឫស្សីកែវ នៅពុំទាន់បានធ្វើនៅមានចំនួនច្រើន ក្រុមការងារនឹងរៀបចំចុះធ្វើបន្តជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន តាមទីតាំងក្នុងភូមិ ជារៀងរាល់រាល់ថ្ងៃបន្តទៀត។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានលើកឡើងទៀតថាការធ្វើសៀវភៅស្នាក់នៅ(ក២), សៀវភៅគ្រួសារ(ក៤), និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពុំមានគិតថ្លៃសេវានោះទេ។ ចំពោះជនអន្តោប្រវេសន៍ សមត្ថកិច្ច មិនអាចធ្វើជូនបានទេ។ សមត្ថកិច្ចនគរបាលខណ្ឌ ក៏សូមអធ្យាស្រ័យប្រសិនបើមានការអាក់ខាន និងបម្រើសេវាជូនបងប្អូនពុំទាន់តម្រូវការជាក់ស្តែង ដោយកត្តាមូលហេតុផ្សេងៗ យើងខ្ញុំបាននឹងកំពុងបន្តបម្រើសេវាជូនបងប្អូនឱ្យកាន់តែល្អប្រសើរថែមទៀត ។

លោកអធិការនគរបាលខណ្ឌ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលខកខានពុំបានធ្វើ សូមអញ្ជើញទៅធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងសង្កាត់ដែលបងប្អូនរស់នៅ ឬអញ្ជើញទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ដើម្បីសួរព័ត៌មាន បំពេញបែបបទ ធ្វើផ្តល់សៀវភៅស្នាក់នៅ(ក២), សៀវភៅគ្រួសារ(ក៤), និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃ្លាំងសាំងក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដែលបានមកធ្វើសៀវភៅស្នាក់ និងសៀវភៅគ្រួសារ បានលើកឡើងថា គាត់មានអារម្មណ៍សប្បាយរីករាយពេលដែលឃើញសមត្ថកិច្ចនគរបាលដែលដឹកនាំដោយលោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវដឹកនាំកំលាំងប៉ុស្តិ៍ចុះមកធ្វើសៀវភៅស្នាក់នៅ ក៏ដូចជាសៀវភៅគ្រួសារដល់ផ្ទះប្រជាពលរដ្ឋបែបនេះ ។ ប្រជាបានលើកឡើងទៀតថា ការចុះមកសៀវភៅស្នាក់ និងសៀវភៅគ្រួសារមកដល់ផ្ទះប្រជាពលរដ្ឋនេះគឺមិនមានអស់លុយនោះទេ។

គួរបញ្ជាក់ផងដែរថា នាពេលកន្លងមកនេះមានគណនីហ្វេសបុកឈ្មោះ Les Sor បានផ្ញើសារចូលផេកសម្តេចខ្ញុំជាប្រជាពលរដ្ឋដែលរស់នៅភូមិសាមគ្គីសង្កាត់ឫស្សីកែវចិត្តឃ្លាំងសាំងសូគីមិចសុំសំណូមពរឱ្យសម្ដេចជួយផងសូមមេត្តាជួយអោយខាងប៉ុស្តិ៍នឹងចៅសង្កាត់មេត្តាជួយសម្រួលធ្វើសៀវភៅស្នាក់នៅឲ្យប្រជាពលរដ្ឋបានគ្រប់គ្នាផងដោយសារប្រជាពលរដ្ឋខ្ញុំមានការលំបាកណាស់ក្នុងការទៅធ្វើសៀវភៅស្នាក់នៅព្រោះតែខ្វះឯកសារបន្តិចបន្តួចទើបខាងប៉ុស្តិ៍មិនធ្វើឱ្យតែបើចង់ធ្វើត្រូវរត់ការមានតម្លៃរត់ការដើម្បីបានសៀវភៅស្នាក់នៅគឺចំណាយពី 80 ម៉ឺនឬមួយលានទៅ 1លាន 2សែនរៀលទើបទទួលបាន។

ប៉ុន្តែលោកអធិការបានបញ្ជាក់ថាការខមិនចូលទៅផេកសម្តេច របស់អាខោនហ្វេសប៊ុកឈ្មោះ Les Sor មិនមែនជាការពិតទេបើសិនជាមានការទាមទារប្រាក់ពីប្រជាពលរដ្ឋមែននឹងត្រូវទទួលពិន័យតាមច្បាប់របស់កងកម្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here