ភ្នំពេញ៖ បទល្មើសចោរកម្ម និងឆក់ ហាក់ផ្ទុះកក្រើកជាថ្មីទៀតហើយនៅខណ្ឌមានជ័យ ស្របពេលដែលទីតាំងភ្នាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ឡូតូ ជាពិសេសអ៊ីនធើណេត បើកទទួលអ្នកញៀនល្បែង២៤ម៉ោង កំពុងរីកដូចផ្សិតតាមបណ្តាសង្កាត់មួយចំនួន ស្របពេលដែល ពលរដ្ឋបានរិះគន់អាជ្ញាធរ ខណ្ឌមានជ័យ ថា មានល្បែងស៊ីសងពេញទឹកពេញដី ទើបអស្ថិរភាពសន្តិសុខក្នុងមូលដ្ឋានបែបនេះ។

ជាក់ស្តែងគេសង្កេតឃើញថា ក្នុងមូលដ្ឋានសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ មានការបើកទីតាំងភ្នាល់ល្បែងស៊ីសងអនឡាញច្រើនណាស់ ជាពិសេសក្បែរផ្សារប៉េសេ(PC)តែអាជ្ញាធរហាក់មើលមិនឃើញ និងមានការកើនឡើងនូវចោរកម្មចូលលួចទ្រព្យសម្បត្តិអ្នកភូមិស្ទើរតែរាល់យប់រីឯសកម្មភាពចោរឆក់ក៏ផ្ទុះឡើង ខ្លាំងដែរនៅមួយរយៈពេលចុងក្រោយនេះ។

ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងមូលដ្ឋាន នៅបរិវេនផ្សារប៉េសេ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ គឺម្ចាស់ទីតាំងអ៊ីនធើណេត បើកការភ្នាល់ជាចំហ មិនខ្លាចញញើតសមត្ថកិច្ចនោះទេ ខណៈលោក កែវ ពេជ្រមុន្នី អភិបាលគណ:អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ គ្មានវិធានការចំពោះទីតាំងទាំងនេះឡើយ។ ប្រភពពីប្រជាពលរដ្ឋរស់នៅ ជាប់ទីតាំងកន្លែងភ្នាល់ល្បែង ស៊ីសងខាងលើ អាជ្ញាធរមូលដ្ឋាន គ្មានចំណាត់ការទេ មិនដឹងទីតាំងខាងលើមានខ្នងឬបំបាំងភ្នែកមើលមិនឃើញ ទីតាំងទាំងនោះ ថ្នាក់ក្រោមដល់លើ (អាជ្ញាធរខណ្ឌ)ដូច្នេះហើយបានជា ម្ចាស់ទីតាំងបើកបានយ៉ាងរលូនបែបនេះ។

សូមបញ្ជាក់ផងដែរថា កន្លងមក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជា និងព្រមានចាត់វិធាន ការក្ដៅទៅលើមន្ត្រីក្រោម ឱវាទអធិការក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឱ្យមាន សកម្មភាពល្បែងស៊ីសង គ្រប់ប្រភេទខុសច្បាប់។

ក្នុងនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង និបទល្មើសខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលកម្ពុជា បានខិតខំលុបបំបាត់ ល្បែងស៊ីសង បទល្មើសគ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀនជាដើម។ល។ បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សា ក្នុងគ្រួសារ ក្នុងមូលដ្ឋាន អាចកើតឡើងដោយសារតែល្បែងស៊ីសងនេះផងដែរ ដែលផ្ទុយពីគោល នយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here