ភ្នំពេញ៖ ជនរងគ្រោះនឹងជនសង្ស័យ៤នាក់បានអង្គុយផឹកស្រាក្នុងបន្ទប់រៀងៗខ្លួននៅក្បែរគ្នា ហើយបាននិយាយឌឺដងដាក់គ្នារហូតឈានដល់ការប្រើហិង្សា ដោយភាគីខាង៤នាក់បានយកកាំបិតបុ័ងតោនិងចបទៅកាប់ភាគីដែលមានតែម្នាក់ឯងបណ្តាលឱ្យរងរបួសធ្ងន់ ហើយជនសង្ស័យត្រូវនគរបាលខណ្ឌប្ញស្សីកែវឃាត់ខ្លួនកាលពីម៉ោង១០ និង៥០នាទីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល តាមផ្លូវលំ ក្នុងក្រុមទី២ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនរងគ្រោះឈ្មោះថន រតន: អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់សាច់គោ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ (រងរបួសក្បា និងដៃធ្ងន់)។

ចំណែកជនសង្ស័យទី១-ឈ្មោះអឿ ភាលី ជនជាតិខ្មែរ អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ(ឃាត់ខ្លួន)។ ទី២-ឈ្មោះផល រ៉ា ភេទប្រុស ជនជាតិខ្មែរ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ(ឃាត់ខ្លួន)។ ទី៣-ឈ្មោះនី ស៊ីម៉េង អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ(ឃាត់ខ្លួន)។ទី៤-ឈ្មោះស្រ៊ុន ម៉េងស្រួ អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅកន្លែងកើតហេតុ(ឃាត់ខ្លួន)។

វត្ថុតាងដកហូតរួមមានកាំបិតបុ័ងតោចំនួន០១ ចបកាប់ចំនួន០១។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃកើតហេតុម៉ោង៦ល្ងាច ជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស្រាក្នុងបន្ទប់រៀងៗខ្លួន ដោយបន្ទប់នៅក្បែរគ្នា ហើយបាននិយាយឌឺដងដាក់គ្នា រហូតដល់ម៉ោង១០ និង៥០នាទីថ្ងៃខែឆ្នាំដដែលពួកគេឈានដល់មានទំនាស់ពាក្យសម្តី និងទាញដុំដ្មគប់ដាក់គ្នា។ ពេលនោះជនសង្ស័យដែលមានគ្នា៤នាក់បានយកកាំបិតនិងចបកាប់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសតែម្តងក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងដកហូតបានកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here