ភ្នំពេញ ៖ តុលាការបានសម្រេច ឃុំខ្លួនជនជាតិចិនម្នាក់ ដាក់ពន្ធនាគារ បណ្តោះអាសន្ន ហើយ នៅរសៀល ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នេះ ពាក់ព័ន្ធករណី ឃាតកម្មចាក់សម្លាប់ ជនជាតិចិន ដូចគ្នា នៅកាស៊ីណូម៉ុកបាយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២។

សមត្ថកិច្ច នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង បាន បញ្ជូន ខ្លួន ជនជាតិ ចិន ម្នាក់ ដែលជា ឃាតក ចាក់ សម្លាប់ ជនជាតិ ចិន ដូចគ្នា ទៅ សាលាដំបូង ខេត្តស្វាយរៀង កាលពី ព្រឹក ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២២ ដើម្បី ឲ្យ ព្រះរាជអាជ្ញា និង ចៅក្រម ធ្វើការ សាកសួរ ។

លោក ទេព ផល្លា អ្នកនាំពាក្យ សាលាដំបូង ខេត្តស្វាយរៀង បាន ថ្លែងប្រាប់ រស្មី កម្ពុជា នៅ ល្ងាច ថ្ងៃទី ៤ ខែកក្កដា នេះ ថាៈ “ ករណីនេះ ត្រូវបាន ចៅក្រម ស៊ើបអង្កេត សម្រេច ឃុំខ្លួន បណ្តោះអាសន្ន នៅ រសៀល ថ្ងៃទី ៤ ខែកក្កដា នេះហើយ ពាក់ព័ន្ធ បទល្មើស ឃាតកម្ម ” ។

សូមជម្រាបថា ករណី ឃាត កម្មនេះ បានកើត ឡើង កាលពី ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២២ ដោយសារតែ ជនរងគ្រោះ ជំពាក់ លុយ ៣ ពាន់ ដុល្លារ អាម៉េរិក មិន ព្រម សង ទើប ធ្វើ ឲ្យ ជនសង្ស័យ ខឹង យក កាំបិត ចាក់ សម្លាប់ នៅ កន្លែងដេក តែម្តង ។ ហេតុការណ៍ នេះ បានកើត ឡើង នៅ ចំណុច អគារ ស្នាក់នៅ លេខ ៧ របស់ កាស៊ីណូ ម៉ុក បាយ ជាន់ ទី ៦ បន្ទប់ លេខ ៧៦០៧ ស្ថិតក្នុង ភូមិ បាវិត កណ្ដាល សង្កាត់ បាវិត ក្រុង បាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តស្វាយរៀង បានឲ្យដឹងថា ៖ ជនសង្ស័យ ឈ្មោះ ZHU JUN SHENG អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរអ្នកផ្គត់ផ្គង់ សម្ភារៈ អនឡាញ កាស៊ីណូ ម៉ុកបាយ ក្រុងបាវិត ។ ចំណែកជនរងគ្រោះ ឈ្មោះ GONG JIANGYONG អាយុ៣៨ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារ ផ្ទះលេខ០៧ របស់កាស៊ីណូ ម៉ុកបាយ ជាន់ទី៦ បន្ទប់លេខ ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ច បានចាប់ខ្លួន ជនសង្ស័យ ឈ្មោះ ZHU JUN SHENG កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអគារស្នាក់នៅ លេខ០៧ របស់ កាស៊ីណូ ម៉ុកបាយ ជាន់ទី៦ បន្ទប់លេខ ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៕

LEAVE A REPLY

Please enter your comment!
Please enter your name here