ភ្នំពេញ៖ មន្រ្តីនគរបាលចរាចរណ៍ជាច្រើននាក់បានចោទប្រកាន់លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញថា បានយកមនុស្សពីក្រៅអង្គភាពមកប្រើប្រាស់និងតែងបានចេញមុខអន្តរាគមន៍ដោយខុសច្បាប់នៅក្នុងបទល្មើសចរាចរណ៍។

មន្រ្តីទាំងនោះបានឲ្យដឹថា ព័ត៌មានច្បាស់ការណ៍ បច្ចុប្បន្ននេះលោក សែម រតនា រហស្សនាម«ព្រួញ០១» ដែលជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបានយកឈ្មោះវង្ស បូរ៉ារហស្សនាម«ព្រួញ០៥ថ្មី» ជាអតីតមន្រ្តីនគរបាលនៅការិយាល័យនគរបាលផ្លូវគោគរាជធានីភ្នំពេញ ដែលបានដកចេញទៅនៅអង្គភាពផ្សេងជាង២ឆ្នាំហើយនោះ ឲ្យបន្លំស្លៀកពាក់ជាស៊ីវិលមកធ្វើការងារនៅក្នុងការិយល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញនិងធ្វើដំណើរទៅណាមកណាជាមួយគ្នា។

មន្រ្តីដដែលបានឲ្យដឹងទៀតថា លោកសែម រតនា តែងបានផ្តល់សិទ្ធិអំណាចគ្រប់បែបយ៉ាងទៅឲ្យឈ្មោះវង្ស បូរ៉ា ទាំងការងារសំខាន់ៗនៅក្នុងអង្គភាព, ការងារដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗនិងចុះទៅតាមគោលដៅត្រួតពិនិត្យជាក់ស្តែង។ លោកសែម រតនា ធ្វើដូចនេះដោយសារតែឈ្មោះវង្ស បូរ៉ា ជាមនុស្សធ្លាប់មានវិធីសាស្រ្តច្រើនសម្រួលការងារក្រៅច្បាប់ច្រើននិង ដើម្បីកុំឲ្យមន្រ្តីផ្លូវការនៅក្នុងការិយាល័យបានដឹងពីអាថ៌កំបាំងការងារដែលគេធ្វើ។

មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាធានីភ្នំពេញបានឲ្យដឹងបន្ថែមថា លើសពីនោះទៅទៀតលោក សែម រតនា ក្នុងនាមខ្លួនជានាយយការិយាល័យចរាចរណ៍ តែងតែបានចេញមុខប្រើអំណាចទៅអន្តរាគមន៍រឿងរថយន្តធុនធំចូលរាជធានីភ្នំពេញដោយខុសច្បាប់និងរថយន្តដឹកសំពីងសំពោងដើម្បីលាភសក្ការ:ផ្ទាល់ខ្លួន។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ការប្រើប្រាស់សិទ្ធិអំណាចមិនបានត្រឹមត្រូវធ្វើស្រេចតែចិត្តខុសពីគោលការណ៍ច្បាប់របស់លោកសែម រតនា ដូចបានលើកឡើងទាំងនេះវាបានធ្វើឲ្យមានការថ្នាំងថ្នាក់ប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍របស់មន្រ្តីក្រោមឱវាទនិងមានការលំបាក់ ដល់មន្រ្តីនគរបាលក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន។

ដូចនេះមន្រ្តីនគរបាលចរាចរណ៍ បានសំណូមពរ ដ៏ទទូចឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាជួយពិនិត្យមើលរឿងអាស្រូវដែលកំពុងតែកើតមាន បង្កឡើងដោយលោក សែម រតនា ជានាយការិយាល័យនគរបាលចរាចរណផ្លូវគោកនេះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here