ភ្នំពេញ ៖ ទីតាំងអ៊ីនធើណេត បង្កប់ល្បែងស៊ីសង ប្រមូលផ្តុំដោយក្រុមប្រើប្រាស់ថ្នាំញៀនមួយកន្លែង កំពុងសំងំបើកយ៉ាងរលូន ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចរឺក៏ជាឆ្នាំងបាយរបស់គាត់ទើបមិនបង្ក្រាប។ ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរកន្លែងលេងល្បែងនេះបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេតនេះនៅខាងត្បូងផ្សារទួលគោក (កន្លែងចាក់សំរាម) ស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មានបន្តថាគាត់រស់នៅក្បែរទីតាំងល្បែងស៊ីសងនេះគឺគាត់មានការភ័យខ្លាច ដោយសារនៅក្នុងទីតាំងនេះប្រមូលផ្តុំទៅដោយក្រុមក្មេងស្ទាវ(ជក់ថ្នាំ) ហើយទីតាំងនេះគឺបើក២៤ម៉ោងតែម្តង ហើយមិនដែលឃើញមានសមត្ថកិច្ចណាចុះមកបង្ក្រាបឡើយ។

ប្រភពនៃបទល្មើសបានកើតចេញពីទីតាំងបនល្បែងស៊ីសងនេះ ក្នុងនោះសូម្បីតែលោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញបានលើកឡើងផងដែរថា បទល្មើសគឺផ្តើមចេញពីតាំងល្បែងស៊ីសង ទីតាំងការធ្វើអាជីវកម្មបញ្ចាំ២៤ម៉ោងលើ២៤ម៉ោង ក្នុងនោះលោកថែមទាំងមានវិធានការ ឲ្យបង្ក្រាបនិងពិនិត្យផ្លូវច្បាប់។

ប្រជាពលរដ្ឋបានលើកឡើងថា ចំណុចខ្លះខ្វះការទទួលខុសត្រូវក្នុងតំណែងពាក់ព័ន្ធទីតាំងបនល្បែងស៊ីសង ពិសេសល្បែងស៊ីសងតាមអ៊ីនធើណេតនេះគឺជាអាជ្ញាធរបានឆ្លើយដាក់សមត្ថកិច្ច ហើយសមត្ថកិច្ចវិញ ទម្លាប់ឆ្លើយដាក់គណៈបញ្ជាការឯកភាពខណ្ឌ ដោយឡែកសមត្ថកិច្ចនិងអាជ្ញាធរមួយចំនួន ពួកគាត់តែងតែលើកឡើងថា រង់ចាំតែបញ្ជាពីថ្នាក់លើប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងនេះប្រសិនបើអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោកមិនបានរឹតបន្តឹងជុំវិញបញ្ហាអស់ទាំងនេះទេ បទល្មើសអាចនឹងកើតមាន ករណីចោរកម្ម លួច ឆក់ ប្លន់ ហើយទីតាំងអ៊ីនធើណេតខ្លះមិនត្រឹមតែជាកន្លែងល្បែងស៊ីសងប៉ុណ្ណោះទេ បានក្លាយទៅជាទីតាំងដែលក្រុមយុវជនខ្លះចូលទៅលេង និងប្រើប្រាស់គ្រឿងញៀន ក៏ដូចជាចេញធ្វើសកម្មភាពនៅពេលយប់ជាដើមផងដែរ។ ហេតុដូច្នេះ អាជ្ញាធរ និងសមត្ថកិច្ច គួរមានវិធានការបង្ក្រាប ឲ្យស្របតាមទិសស្លោករបស់រាជរដ្ឋាភិបាល លើគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ពីព្រោះថា គ្រប់ទីតាំងវេទិកាសាធារណៈ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ តែងសំណូមពរឲ្យមានការបង្ក្រាបទីតាំងបនល្បែងស៊ីសង ប៉ុន្តែករណីនេះធ្វើបានដោយកន្លែងៗប៉ុណ្ណោះ។

ជាមួយគ្នានោះដែលប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងនេះសំណូមពរដល់លោកជា ពិសី អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោក សូមមានវិធានការណ៌ចុះបង្ក្រាបទីតាំងល្បែងស៊ីសងនេះផងកុំឲ្យពួកគាត់រស់នៅក្នុងការភ័យខ្លាចដូចសព្វថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here