ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា បានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ក្នុង ១នាក់ ជូនដល់ប្រតិភូកីឡានិស្សិតកម្ពុជា ចំនួន ៤៨នាក់ ដែលត្រូវចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នៅប្រទេសថៃ ។ ការឧបត្ថម្ភថវិកានេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ស សុខា អញ្ជើញជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡានិស្សិតកម្ពុជា ត្រូវចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រថៃ បន្ទាប់ពីលើកពេលកាលពីឆ្នាំ២០២១ កន្លងទៅ ដោយសារវិបត្តិកូវីដ-១៩ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ឯកឧត្តម ស សុខា បានបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យ កម្រិតអាស៊ាននេះ ត្រូវបានប្រារព្ធធ្វើរៀងរាល់ ២ឆ្នាំម្ដង ក្នុងគោលបំណងជួបជុំនិស្សិតក្នុងតំបន់អាស៊ាន ដើម្បីប្រកួតកីឡា និងផ្លាស់ប្ដូរវប្បធម៌ ប្រពៃណី បង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងភាពសុខដុមនីយកម្ម ដែលឆ្នាំនេះជាលើកទី២០ ហើយ នៅលើទឹកដីនៃប្រទេសថៃ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានរំលឹកពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា ដែលកម្ពុជាបានបញ្ជូនប្រតិភូកីឡាសិស្ស និស្សិត ចំនួន ៧៧នាក់ ដោយទទួលបានលទ្ធផលមេដាយសរុប ចំនួន ២៧គ្រឿង ក្នុងនោះមេដាយមាស ៥គ្រឿង ប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ១២គ្រឿង ប៉ុន្តែយ៉ាងណាក្ដី ចំណាត់ថ្នាក់រួមកម្ពុជាយើង ស្ថិតក្នុងលំដាប់ទី៨ ដែលនៅចំណាត់ថ្នាក់លើប្រទេសទីម័រឡេស្ត ហ្វីលីពីន និងព្រុយណេ ។ នេះបញ្ជាក់ពីភាពរីកចម្រើនដ៏ធំធេង និងត្រចះត្រចង់ ដែលបានរួមចំណែកក្នុងការកសាងធនធានមនុស្ស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ហើយក៏បានចូលរួមចំណែកពង្រឹងសមត្ថភាពបច្ចេកទេស ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងកំពុងធ្វើការកែទម្រង់ស៊ីជម្រៅ ដោយវិមជ្ឈការការងារ ជាពិសេសកំណែទម្រង់ការប្រកួតគ្រប់កម្រិតគឺ ៖
ទី១. ការរៀបចំការប្រកួតកីឡាជាតិ National Games រៀងរាល់ពីរឆ្នាំម្ដង ។
ទី២. ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក ៤ប្រភេទកីឡា ប្រចាំឆ្នាំ មកជាការប្រកួតកីឡាសិស្សថ្នាក់ជាតិជាលក្ខណៈហ្គេមវិញ ( National School Games ) ស្របទៅតាមការប្រកួតកីឡាសិស្សអាស៊ាន (ASEAN School GAMES) ។
ទី៣. ការប្រកួតកីឡាឧត្ដមសិក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯក ៤ប្រភេទកីឡា ប្រចាំឆ្នាំ មកជាការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ជាលក្ខណៈហ្គេម (National University GAMES) ស្របតាមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន(ASEAN University GAMES) និងការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោករដូវក្ដៅ (World Summer Universiade) ។
សូមបញ្ជាក់ថា រាល់ការកំណែទម្រង់ខាងលើនេះ គឺដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា បានធ្វើការផ្ដាំផ្ញើដល់ប្រតិភូកីឡាទាំងអស់ ដែលត្រូវទៅចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នៅប្រទេសថៃ ចំនួន ៧ចំណុច ដូចខាងក្រោម ៖
១. សូមថែរក្សាសុខភាព និងមានអនាម័យខ្ពស់ ជាពិសេស ៣កុំ ៣ការពារ ទាំងការធ្វើដំណើរ និងដល់ប្រទេសថៃ ដែលមិនត្រូវធ្វេសប្រហែស និងមើលស្រាលលើកូវីដ-១៩ បំប្លែងថ្មីៗនោះឡើយ ។
២. សូមយកចិត្តទុកដាក់អនុវត្តអោយបានត្រឹមត្រូវទៅតាមគោលការណ៍ និយាមបច្ចេកទេស ដែលបានកំណត់ដោយគណៈកម្មការរៀបចំការប្រកួត ។
៣. សូមរក្សាសីលធម៌ល្អ ចេះគោរព ចេះអធ្យាស្រ័យ និងយោគយល់គ្នា ដើម្បីធានាឲ្យការចូលរួមប្រកួត ប្រកបដោយសុខសុវត្ថិភាព យុត្តិធម៌ រកឲ្យឃើញកីឡាករ កីឡាការិនីឆ្នើមពិតប្រាកដ ដែលមានទេពកោសល្យ និងកាយសម្បទាល្អ សម្រាប់បន្តបណ្ដុះបណ្ដាលអោយក្លាយទៅជាកីឡាករ កីឡាការិនី តំណាងជាតិ ។
៤. ត្រូវចេះចងមិត្តភាព សាមគ្គីភាព យល់ដឹងពីប្រពៃណី និងវប្បធម៌របស់បណ្តាប្រទេសអាស៊ានដែលចូលរួម និងត្រូវបណ្ដុះគំនិតស្រលាញ់ជាតិ និងការចេះសហការគ្នាជាក្រុម ។
៥. សង្ឃឹមមុតមាំថា ក្រុមកីឡាករ កីឡាការិនី និស្សិតយើងឆ្នាំនេះ នឹងទទួលបានលទ្ធផលល្អ និងមេដាយច្រើនជាងឆ្នាំមុនៗ ។
៦. សូមថ្នាក់ដឹកនាំយើងទាំងអស់ ដើរតួនាទីជួយសម្រួលរាល់បញ្ហាប្រឈមនានាទាំងការស្នាក់នៅ ហ្វឹកហាត់ ប្រកួត និងជាអ្នកផ្ដល់ការគាំទ្រធំធេងដល់អត្តពលិក ។
៧. សូមថ្នាក់ដឹកនាំទាំងអស់យកចិត្តទុកដាក់រៀនសូត្រអំពីការរៀបចំព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ ដោយចេះកត់ចំណាំរាល់ចំណុចថ្មីៗ រឺកត់ត្រាចំណុចល្អៗរបស់ម្ចាស់ផ្ទះថៃ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិនៅកម្ពុជា ជាពិសេសស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង៕

LEAVE A REPLY

Please enter your comment!
Please enter your name here