ភ្នំពេញ ៖ ទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសងមួយកន្លែងក្បែរប៉ុនគរបាលអូរឬស្សីទី១មិនដល់៥០ម៉ែត្រផងហេតុអ្វីលោកថោង ម៉ារឌី នាយប៉ុស្តិ៍នគរបាលអូរឫស្សីទី១ ដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ មើលមិនឃើញរឺក៏ជាឆ្នាំងបាយរបស់គាត់ទើបមិនមានការចុះបង្ក្រាប តើឲ្យប្រជាពលរដ្ឋរំពឹងសមត្ថកិច្ចមូលដ្ឋានមិចនឹងកើតបើលោកមេប៉ុស្តិ៍ មិនមានវិធានការក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះ។

ប្រជាពលរដ្ឋដែលមានទីតាំងនៅក្បែរទីតាំងល្បែងស៊ីសងនេះថា ទីតាំងស្ថិតនៅតាមផ្លូវលេខ១៧០ នៅក្នុងសង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ហើយទីតាំងនេះបានបើកទទួលភ្ញៀនដែលជាអ្នកញៀនល្បែងស៊ីសង២៤ម៉ោងដែលប្រមូលផ្តុំទៅដោយក្រុមក្មេងស្ទាវប្រើប្រាស់ថ្នាំញៀនផងដែរ ដែលកត្តានេះបង្កឲ្យកើតមានករណីចោរលួច ឆក់ ប្លន់ ជារៀងរាល់ថ្ងៃផងដែរ។

ពាក់ព័ន្ធនឹងទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេតនេះមិនត្រឹមតែជាកន្លែងល្បែងស៊ីសងប៉ុណ្ណោះទេ បានក្លាយទៅជាទីតាំងដែលក្រុមយុវជនខ្លះចូលទៅលេង និងប្រើប្រាស់គ្រឿងញៀន ក៏ដូចជាចេញធ្វើសកម្មភាពនៅពេលយប់ជាដើមផងដែរ។ ហេតុដូច្នេះ អាជ្ញាធរ និងសមត្ថកិច្ច គួរមានវិធានការបង្ក្រាប ឲ្យស្របតាមទិសស្លោករបស់រាជរដ្ឋាភិបាល លើគោលនយោបាយ ភូមិ សង្កាត់មានសុវត្ថិភាព ពីព្រោះថា គ្រប់ទីតាំងវេទិកាសាធារណៈ ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ តែងសំណូមពរឲ្យមានការបង្ក្រាបទីតាំងបនល្បែងស៊ីសង ប៉ុន្តែករណីនេះធ្វើបានដោយកន្លែងៗប៉ុណ្ណោះ។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងល្បែងស៊ីសងនេះសំណូមពរដល់លោកលីម សុភា អភិបាលខណ្ឌ៧មករា និងលោកនេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា សូមមានវិធានការណ៌ចុះបង្ក្រាបទីតាំងល្បែងស៊ីសងនេះផងកុំឲ្យពួកគាត់រស់នៅក្នុងការភ័យខ្លាចដូចសព្វថ្ងៃ។

គួរបញ្ជាក់ផងដែរថា នៅក្នុងមូលដ្ឋានខណ្ឌ៧មករា គឺប្រមូលផ្តុំទៅដោយទីតាំងល្បែងស៊ីសងជាច្រើនផងដែរ មិនថាល្បែងស៊ីសងតាមអ៊ីធើណេត ឆ្នោតវៀតណាម ឡូតូ នោះទេ សូមបីតែល្បែងស៊ីសងភ្នាល់មេឃ (ចាក់ទឹកភ្លៀង) ដែលមានទីតាំងទរទឹកភ្លៀងនៅក្នុងមូលដ្ឋានសង្កាត់អូរឫស្សីទី២ ភ្នាល់លុយរាប់លានដុល្លារក្នុងមួយថ្ងៃក៏មាននៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដែរ មិនសរសើរ មិនបាន ភូមិ-ឃុំ មានសុវត្ថិភាព នៅក្នុងខណ្ឌ៧មករា ពិជាល្អ ប្រមូលផ្តុំទៅដោយល្បែងស៊ីសង៕

LEAVE A REPLY

Please enter your comment!
Please enter your name here