ភ្នំពេញ: នារីវ័យក្មេងម្នាក់បើករថយន្តបត់ឆ្លងផ្លូវចូលក្នុងបុរីផ្លរ៉ា ត្រូវបានម៉ូតូមួយគ្រឿងបើកជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យស្លាប់១នាក់ រងរបួសធ្ងន់ ២ នាក់។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០នឹង៣០នាទីយប់ថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ចំណុចមុខបុរី ផ្លរ៉ា ចន្លោះស្ពានលេខ ៩ និងលេខ ១០ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ADVERTISEMENT

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះមានឈ្មោះឆាង វណ្ណា អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិចារ ឃុំរំលេច ស្រុកសុីធរកណ្ដាលខេត្តព្រៃវែង។ចំណែកពីរនាក់ទៀតដែលរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនៅឡើយទេបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តម៉ាកតូយ៉ូតាហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AI-4912 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងដៃឆ្លងផ្លូវចូលទៅក្នុងបុរីផ្លរ៉ា ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី ០១២ ពណ៌ខ្មៅពាក់លេខភ្នំពេញ1BG-8856 បើកបរនឹរួមដំណើរដោយបុរសបីនាក់បញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំហៀងរថយន្តខាងក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឲ្យបោកក្បាលស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែក ២ នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ រីឯអ្នកបើកបររថយន្តបង្កនិងរថយន្តត្រូវបានកម្លាំងសមត្ថកិច្ចនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាក់ខែងដើម្បីសួរនាំបន្តរងចាំប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅមត្ថកិច្ចជំនាញចុះវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញរកចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here