ភ្នំពេញ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញម្នាក់ ខណៈ មានជម្លោះជាមួយអ្នកជិតខាង បានយកកាំភ្លើងAKបាញ់រៈអស់ ៣គ្រាប់បណ្តាលអោយរងរបួសជនរងគ្រោះម្នាក់ ហើយជនបង្កក៏ត្រូវបាននគរបាលវាយខ្នោះបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមតែម្ដង។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅផ្ទះជួលតាមបណ្តោយផ្លូវ៦៦២ ក្រុម៦ ភូមិ២ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ADVERTISEMENT

ប៉ូលិសប៉ុស្តិ៍ដែលយកកាំភ្លើងបាញ់គេមានឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីនគរបាលប៉ុស្តិ៍បឹងសាឡាង ស្នាក់នៅផ្ទះជួល ផ្លូវលេខ៦៦២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ឈ្មោះ សឹង សុផល ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ៦៦២ ក្រុមទី៦ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់នេះ បានឈ្លោះជាមួយបុរសម្នាក់ដែលមានឈ្មោះហៀង ហើយជនបង្កបានស្រែកលឺៗ ថា អាហៀងៗ ដែលជាអ្នករស់នៅជិតខាងគ្នា តែពុំឃើញមានឈ្មោះហៀងនោះទេ ស្របពេលនោះបុរសដែលរងរបួស មានផ្ទះនៅជិតខាងបានជិះម៉ូតូទៅធ្វើការដូចធម្មតា បែរជាជនបង្កបានទាញកាំភ្លើង AK47 បាញ់ចំនួន៣គ្រាប់ផ្ទួនៗ គ្នា ក្នុងនោះ២គ្រាប់បានបាញ់ឡើងលើមេឃនិងចំផ្ទះប្រជាពលរដ្ឋ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងបុរសជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗតែម្ដង។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុគឺមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់នេះ បានមកប៉ុស្តិ៍ហើយបានយកកាំភ្លើង AK47ស្ពាយ ហើយជិះម៉ូតូចេញពីប៉ុស្ដិ៍ ដែលធ្វើអោយមន្ត្រីប៉ូលីសដូចគ្នា គិតថា ជនសង្ស័យចេញល្បាតដឹងអី ពេលជិះម៉ូតូចេញមិនបានប៉ុន្មានផងក៏កើតចេញជារឿងបាញ់រះដូចខាងលើតែម្តង។សូមបញ្ជាក់ផងដែរ ជុំវិញមូលហេតុ ដែលនាំឲ្យមាន ទំនាស់ឈ្លោះប្រកែកគ្នានេះ គេមិនទាន់ដឹងច្បាស់ថាផ្តើមឡើងពីបញ្ហាអ្វីនៅឡើយទេ។

ក្រោយពេលកើតហេតុមន្ដ្រីនគរបាលជាជនបង្កត្រូវបានប៉ូលីសឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុហើយ ធ្វើតេសទឹកនោមជាលទ្ធមានសារធាតុញៀន និងបានបន្តបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមដែរដើម្បីធ្វើការសួរនាំ និងចាត់តាមនីតិវិធីនៃច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here