ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវជ្រុលទៅបុកជាមួយរថយន្តសាំងយ៉ុងដឹកត្រីមួយគ្រឿងទំហឹងបណ្ដាលឲ្យមនុស្សពីរនាក់រងរបួស។ហេតុការណ៍នេះកើតឡើងកាលពីម៉ោង ៣និង ៥០ នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវលេខ២៨៩ កែងនឹងផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2T-5518 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៨៩ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលផ្លូវលេច៥៦៦ បានជ្រុលទៅបុករថយន្តសាំយ៉ុងដឹកត្រីពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2F-9478 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាក្នុងទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្ដាលឲ្យរងរបួសពីរនាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តខ្ទេចផ្នែកខាងមុខដូចគ្នា ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចមកវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅឯការិយាល័យចរាចររាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here