ភ្នំពេញ ៖ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជូនសាធារណជន និងបងប្អូនកម្មករនិយោជិត ទាំងអស់ អោយបានជ្រាបថា បច្ចុប្បន្ននេះវត្ថុធាតុដើមប្រហែល៦០% សម្រាប់បម្រើអោយផលិតកម្ម ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ត្រូវបាននាំចូលពីប្រទេសចិន។

បច្ចុប្បន្ននេះ ដោយសារឧបទ្ទវហេតុនៃការរីករាលដាលនៃ វីរុស កូរូណា នៅក្នុងប្រទេសចិន រោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការ បណ្តោះអាសន្ន ហើយប្រហែលជារហូតដល់ចុងខែនេះ ទើបអាចចាប់ផ្តើមដំណើរការឡើងវិញបាន ដែលបញ្ហានេះនឹងបង្កអោយមានផលប៉ះពាល់ចង្វាក់ផ្គត់ផ្គង់ ដល់រោងចក្រនៅកម្ពុជា។

សម្រាប់រោងចក្រមួយចំនួន វត្ថុធាតុដើមនៅក្នុងស្តុកសម្រាប់ផលិតកម្មអាចនឹងអស់នៅត្រឹមសប្តាហ៍ក្រោយ ឬសប្តាហ៍បន្ទាប់ ហើយការបិទរោងចក្របណ្តោះអាសន្ននៅប្រទេសចិន អាចនឹងធ្វើអោយរោងចក្រ មួយចំនួនខ្វះវត្ថុធាតុដើមនៅចុងខែនេះ និងក្នុងខែមីនាខាងមុខ។ ប្រឈមនឹងបញ្ហានេះ រោងចក្រគ្មានជម្រើសអ្វីក្រៅពីការផ្អាក ប្រតិបត្តិការផលិតកម្មជាបណ្តោះអាសន្នដែលអាចមានរយៈពេល១ខែពេញ ឬដល់២ខែ។ ការផ្អាកបណ្តោះអាសន្នរយៈពេលខ្លី ដែលយើងអាចរំពឹងទុកថានឹងកើតឡើង ក្នុងពេលដ៏ខ្លីខាងមុខនេះមិនមានអ្វីពាក់ព័ន្ធនឹងដំណើរការនៃការដកប្រព័ន្ធអនុគ្រោះ ពាណិជ្ជកម្ម (EBA) របស់សហភាពអឺរ៉ុបមកលើប្រទេសកម្ពុជាទេ។ ការសម្រេចចិត្តណាមួយរបស់សហភាពអឺរ៉ុប នឹងត្រូវចូលជាធរមាននៅក្នុងរយៈពេលមិនតិចជាង៦ខែខាងមុខនោះទេ ដូច្នេះការភ្ជាប់បញ្ហា ការផ្អាកបណ្តោះអាសន្នរបស់រោងចក្រមួយចំនួននៅក្នុងខែមីនា ដ៏ខ្លីខាងមុខនេះ ទៅនិងបញ្ហា EBA មិនមែនជាត្រឹមត្រូវទេ។

ចំពោះនីតិវិធីនៃការផ្អាកបណ្តោះអាសន្ន គ្រប់រោងចក្រទាំងឡាយនោះ នឹងត្រូវអនុវត្តនីតិវិធីច្បាប់ ជាធរមានដោយមានការចរចាពិភាក្សានិងព្រមព្រៀងគ្នា រវាងកម្មករនិយោជិត និងថ្នាក់គ្រប់គ្រងចក្រ ក្រោមការត្រួតពិនិត្យនិងការអនុញ្ញាតពីអធិការការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here