ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបើកកិច្ចប្រជុំ គណៈកម្មការចំពោះកិច្ច ពិនិត្យ ផ្សារអូឬស្សី ហើយក្រោយបញ្ចប់កិច្ចប្រជុំនោះ លោកអភិបាលរាជធានី និងបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅក្នុងផ្សារអូរឬស្សី នោះ គណៈកម្មការផ្សារក៏បាន សាងសង់ តូប លក់ដូរបណ្តោះអាសន្ន នៅលើផ្លូវលេខ១១១។

ខណៈពេលដែលរោងដែកសង់លើផ្លូវលេខ១១១ ខាងកើតផ្សារអូរឬស្សីសំរាប់អាជីវករលក់ដូរបណ្តោះអាសន្ន ជិិតរួចរាល់ហើយនោះ ត្រូវបានក្រុមអាជីវករលួចប្រាប់ថា ត្រូវបង់លុយសំរាប់តូបលក់បណ្តោះអាសន្ននេះ ក្នុងមួយរោងតំលៃ៦០០ដុល្លារ។

អាជីវករលក់ដូរនៅផ្សារអូរឫស្សី បានលើកជាចម្ងល់ថា ហេតុអ្វីរោងដែលទំហំប្រហែលមួយម៉ែត្រទៅមួយម៉ែត្រកន្លះ ត្រូវបង់លុយឲ្យលោកប្រធានផ្សារអូរឫស្សីចំនួន៦០០ដុល្លារ ថ្លៃសាងសង់រោងដែកសំរាប់លក់ដូរបណ្តោះអាសន្ន នេះជាតំលៃមួយដែលថ្លៃ មិនដឹងថា ការចំណាយធ្វើតូបរោងដែកនៅលើផ្លូវ ដើម្បីលក់ដូរបណ្តោះអាសន្ន មានទំហំ ប៉ុណ្ណានោះទេ តើការចំណាយនេះអាចសល់ សម្រាប់សង្កត់ហោប៉ៅលោកប្រធានផ្សារយ៉ាងណាទេ?។

បើតាមអាជីវករលក់ដូរនៅផ្សារអូរឫស្សីបានឲ្យដឹងទៀតថា រោងដែកដែលសាងសង់នៅលើផ្លូវសំរាប់លក់បណ្តោះអាសន្ននេះមានចំនួន១៧០តូប ហើយក្នុងមួយតូបតំលៃ៦០០ដុល្លារ អញ្ចឹងតំលៃសរុបដែលបានពីអាជីវករចំនួន១០២០០០ដុល្លារ អាជីវករលក់ដូរក៏ បានលើកជាចម្ងល់ទៀតថា លុយជាង១០ម៉ឺនដុល្លារតើថ្លៃសង់រោងដែកសំរាប់អាជីវករលក់ដូរនេះមានតំលៃដល់១០ម៉ឺនដុល្លារនេះដែរទេ?។

សូមបញ្ជាក់ថា បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែធ្នូ២០១៩បានបញ្ជាក់ថា បច្ចុប្បន្នសំណង់អាគារផ្សារអូរប្ញស្សីមានលក្ខណៈរឹងមាំ និងមានគុណភាពប្រើប្រាស់យូរអង្វែង ដោយឡែកតែសំណង់ឡៅតឿប៉ុណ្ណោះដែលមាន សភាពបែកប្រេះស្រាំដោយអន្លើ ប្រសិនបើទុកយូរបន្តទៀត អាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាពិសេសអាជីវករលក់ដូរក្នុងផ្សារ អតិថិជន និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។

ដូចនេះ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងចៀសវាងរាល់ហានិភ័យដែលកើតមានឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូនអាជីវករដែលកំពុងលក់ដូរនៅលើឡៅតឿក្រោមឡៅតឿ និងជុំវិញបរិវេណទីតាំងនេះទាំងអស់ ផ្ទេរការលក់ដូរជាបណ្តោះអាសន្នក្នុងរយៈពេលខ្លី ទៅទី តាំងថ្មីនៅក្រៅផ្សារតាមកាលបរិច្ឆេទដែលបានគ្រោង ទុក ដើម្បីបង្កលក្ខណៈឱ្យក្រមការងារ បច្ចេកទេស សំណង់ ធ្វើការជួសជុលឡើងវិញជាបន្ទាន់ និងឆាប់រួចរាល់ដើម្បីឱ្យបងប្អូនអាជីវករបានត្រឡប់ចូលមកលក់ដូរនៅកន្លែងដើមវិញប្រកបដោយសុវត្ថិភាព និងសោភណភាព។

ទោះបីជាយ៉ាងណា អ្នកយកព័ត៌មាន របស់យើង បានទាក់ទងទៅសុំធ្វើការបកស្រាយ ពី លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី ដែរ ប៉ុន្តែទូរស័ព្ទជាប់រវល់ រហូត។ ការិយាល័យនិពន្ធ កោះរីផត រង់ចាំ ការបកស្រាយ ពីលោកហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី គ្រប់ពេល រាល់ម៉ោងធ្វើការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here