ភ្នំពេញ ៖ យោងតាមផេក Facebook ផ្លូវការស្នងការដ្ឋាននគរបាលរាជធានី ជនដែលបាញ់បោះសេរី កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៩និ១០នាទី នៅម្តុំអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ គឺជាមន្រ្តីនគរបាល ត្រូវបានសមត្ថកិច្ច នៃការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានហើយ និងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ អនុវត្តបន្តតាមនីតិវីធីច្បាប់។

ប្រភពសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា ជនសង្ស័យមានឈ្មោះ គង់ សុភាព មានឋានៈ អនុប្រធានការិយាល័យ នាមសំងាត់ ត្រីកោណ 06 នៃអង្គភាពការិល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។

សូមរំលឹកថា មានជនស៊ីវិលមួយក្រុម ជិះរថយន្ដ៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង បានបាញ់ជាច្រើនគ្រាប់ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៩និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច ផ្លូវរថភ្លើង ទីតាំងសកម្មលក់គ្រឿងញៀនរាល់ថ្ងៃរាល់យប់ កែងផ្លូវ R6 ក្នុសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមសម្ដីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា គេឃើញមាន រថយន្តចំនួន៣គ្រឿង និងម៉ូតូជាច្រើនគ្រឿង ស្លៀកពាក់ស៊ីវិល បានចុះមកដល់ ចំណុចកើតហេតុ បាញ់ជាច្រើនគ្រាប់ ធ្វើពលរដ្ឋដែលមិនដឹងរឿង នាំគ្នារត់ប្រសាច បិទទ្វារ និងមាននារីម្នាក់ស្លុតរហូតសន្លប់ ។ ពលរដ្ឋមិនហ៊ានសន្និដ្ឋាន ថាក្រុមនោះ ជាកម្លាំងសមត្ថកិច្ចឬយ៉ាងណានោះទេ ព្រោះមិនមានឯកសណ្ឋាន ឬ អាចក្រុមនោះជាក្រុមមេគ្រឿងញៀន ក៏មិនដឹង ។ ក្រោយពីបាញ់រួច ក្រុមនោះបាននាំគ្នារត់ឡើងឡាន និងម៉ូតូចេញទៅអស់។

ក្រោយកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះដល់កន្លែងកើតហេតុប្រមែលប្រមូលពត៌មានពីប្រជាពលរដ្ឋ ក៏បានបំភ្លឺថា ក្នុងចំណោមជន បង្កទាំង៨នាក់នោះ គឺមានជនម្នាក់ ឈ្មោះ គង់ សុភាព មានឋានៈអនុប្រធានការិយាល័យ នាមសំងាត់ ត្រីកោណ 06 នៃអង្គភាពការិល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ។

មជ្ឈដ្ឋានទូទៅរបស់បងប្អូនប្រជាពលរដ្ឋគាំទ្រចំពោះសមត្ថកិច្ច ដែលស្រាវជ្រាវទាន់ពេលវេលា ឈានដល់ការឃាត់ខ្លួន ជនបង្កបាញ់បោះសេរី ហើយជានគរបាលថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here