កណ្តាល ៖ ពិតជាអាងអំណាចនៃទឹកលុយមែនហើយ បានជាឈ្មួញនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាព ជាច្រើនតោន ដោយមិនខ្វល់ពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ក្រោមការចោទប្រកាន់ពី “នាំចូលដោយចេតនានូវផលិតផលសត្វខូចគុណភាព ឬ បង្កគ្រោះថ្នាក់សុខភាពមនុស្ស” តាមមាត្រា១១៥ ចំណុចទី៥ នៃច្បាប់ស្តីពីសុខភាពសត្វ និង ផលិតកម្មសត្វ ។

អ្វីដែលមហាជនមានការភ្ញាក់ផ្អើលនោះ គឺមានប្រភពព័ត៌មានមួយ បានខ្សឹបប្រាប់ថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ ឈ្មួញទុច្ចរិត ឈ្មោះ ហ៊ឹម សុខហឿន បានពឹងពាក់លោកមេធាវី ទូច ធីរិទ្ធ ជាមេធាវីនៃក្រុមហ៊ុន VHP ហើយបានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន។

ADVERTISEMENT

ប្រភពបន្តថា ពេលនេះ លោក អាត ច័ន្ទដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កំពុងពិចារណា នឹង សម្រេច ថា ដោះលែង ឬ មិនដោះលែង ឈ្មួញទុច្ចរិតឈ្មោះ ហ៊ឹម សុខហឿន រូបនេះ។

មហាជនមួយចំនួន យល់ឃើញថា ទង្វើរបស់ឈ្មួញទុច្ចរិតឈ្មោះ ហ៊ឹម សុខហឿន មិនគួរណាតុលាការអនុញ្ញាតអោយនៅក្រៅឃុំនោះទេ ព្រោះការនាំចូលគ្រឿងក្នុងជ្រូកខូចគុណភាពនេះ គឺ ធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋ ធ្ងន់ធ្ងរណាស់ ហើយសមត្ថកិច្ចខិតខំបង្ក្រាប ទើបសម្រេចបានជោគជ័យណាស់។

សូមបញ្ជាក់ថា គ្រឿងក្នុងជ្រូកខូចគុណភាពជាច្រើនតោន ត្រូវបានដុតកម្ទេចចោល នៅវេលាថ្ងៃត្រង់ទី១០ ខែមេសា ឆ្នាំ២០២០ នេះ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមការដឹកនាំពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និង មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

មន្ត្រីជំនាញ អះអាងថា គ្រឿងក្នុងជ្រូកខូចគុណភាពជាច្រើនតោន គឺ នឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ ប្រសិនបើសមត្ថកិច្ចមិនបានបង្ក្រាបទាន់ពេលវេលាទេនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here