ភ្នំពេញ ៖ មន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបង្កើនសមត្ថភាព ចំណេះដឹងបន្ថែម ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ ឲ្យកាន់តែមានប្រិសិទ្ធភាព។ នេះជាការណែនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍បានថ្លែងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពីការបណ្ដុះបណ្ដាល ការស្រាវជ្រាវនិងស៊ើបអង្កេតបឋម នៅរសៀលថ្ងៃទី ២៦មិថុនានេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានណែនាំទៅដល់មន្រ្តីសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាល ការស្រាវជ្រាវនិងស៊ើបអង្កេតបឋមថា ត្រូវ បង្កើនការស្រាវជ្រាវនិងកំណត់មុខសញ្ញាឲ្យបានច្បាស់ ចំពោះជនអន្តោប្រវេសន៍ទាំងឡាយណា ដែលលួចឆ្លងដែនខុសច្បាប់ បន្លំឯកសារឆ្លង និងជនបរទេសមានពិរុទ្ធ ដែលប៉នប៉ងយកប្រទេសកម្ពុជាជាកន្លែងលាក់ខ្លួនដើម្បីរួចផុតពីការដាក់ទោសទណ្ឌរបស់ប្រទេសខ្លួន។

ADVERTISEMENT

ឯកឧត្តម នាយឧត្តមសេនីយ៍គៀត ច័ន្ទ ថារិទ្ធក៏បានស្នើឲ្យមន្រ្តីសិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបាននេះទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពខ្លួននិងមនុស្សទូទៅនៅក្នុងសង្គម ដោយត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ឲ្យបានខ្ជាប់ខ្ជួននិងត្រូវមានអាកប្បកិរិយាល្អទាំងក្នុងការងារ និងការរស់នៅក្នុងសង្គម។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធក៏បានថ្លែងបញ្ជាក់ថា កិច្ចការងារគ្រប់គ្រងជនអន្តោប្រវេសន៍លួចឆ្លងដែនខុសច្បាប់នេះ គឺជាកិច្ចការស្នូលដ៏សំខាន់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីលើកម្ពស់កិត្យានុភាព របស់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងជនបរទេស ដើម្បីបញ្ជូនជនបរទេសទាំងអស់នោះទៅប្រទេសដើមវិញ ដើម្បីអនុវត្តទោសទណ្ឌ ដែលពួកគេបានប្រព្រឹត្តិខុស នៅក្នុងប្រទេសកម្ពុជា។ទន្ទឹមនិងនេះ ដើម្បីលើកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងជនបរទេស លោកជម្រុញលើកទឹកចិត្ត ទៅដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបន្តប្រពៃណីធ្វើការងារប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពគ្នា មានការទទួលខុសត្រូវ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមរបស់អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្នុងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here