ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន បានសុំឱ្យប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃទាំងអស់ ក្នុងមូលដ្ឋានខណ្ឌចំការមន បន្តយកចិត្តទុកដាក់អនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីកូវីដ-១៩ ។ បើទោះជានៅកម្ពុជា មិនមានអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកូវីដ-១៩នេះយ៉ាងណាក៏ដោយ ក៏ប៉ុន្តែយើងក៏បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ពីបងប្អូនដែលទើបត្រឡប់មកពីបរទេស។ ដូច្នេះដើម្បីការពារកុំឱ្យកូវីដ-១៩ ឆ្លងមកក្នុងសហគមន៍មានតែយើងទាំងអស់គ្នា ទាំងផ្នែកអាណាចក្រ ក៏ដូចជាពុទ្ធចក្រ ចូលរួមទាំងអស់គ្នាការពារទប់ស្កាត់កុំឱ្យកម្ពុជាមានអ្នកស្លាប់ដោយសារកូវីដនេះ។

លោកអភិបាលបានស្នើឡើងដូចនេះ នៅក្នុងពិធីនាំយកទៀនព្រះវស្សា និងទេយ្យទានមួយចំនួនរបស់អភិបាលរាជធានីភ្នំពេញ ទៅប្រគេនដល់វត្តចំនួន៤ គឺវត្តនួនមុនីរាម ហៅវត្តថាន់, វត្តមុនីរតនារាម ហៅវត្តទួលទំពូង, វត្តប្រយូវង្ស, វត្តស្វាយពពែ នៅក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងបរិវេណវត្តថាន់។

ADVERTISEMENT

លោកអភិបាលខណ្ឌបានទទូចសុំកុំឱ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំណាមួយ រូមទាំងពិធីសាសនានានាផងដែរ ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោក ថេង សុថុល បានបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព បានធ្វើឲ្យវិស័យ ពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទ មានជីវភាពធូរធារ បានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក សុន សុធី នាយករដ្ឋបាលខណ្ឌចំការមន បានបញ្ជាក់ថា ៖ ទេយ្យទានរបស់រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌចំការមន ដែលប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន៤នេះគឺក្នុង១វត្តទទួលបាន៖
១-ទេយ្យទានរបស់រដ្ឋបាលរាជធានីភ្នំពេញមានទៀនវស្សា១គូ, សាដក ១កញ្ចប់,ប្រេងម៉ាស៊ូត១កាន, ស្ករស ១បាវ,ទឹកដោះគោ១កេស, ទឹកបរិសុទ្ធ ២កេស, មី២កេស, អង្ករ ១០០គីឡូក្រាម,ថវិកា ១០០,០០០រៀល។
២-ទេយ្យទានរបស់រដ្ឋបាលខណ្ឌចំការមនមានទៀនវស្សា១គូ, ទឹកផ្លែឈើ២កេស,មី ១កេស, អង្ករ៥០គីឡូក្រាម និងថវិកា ១០០,០០០រៀល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here