ភ្នំពេញ ៖ ក្រោយពេលដែល នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នលើលោក ថោង វណ្ណឌី និង កូនចៅ៦នាក់ ទៀត ពាក់ព័ន្ធករណីធ្វើទារុណកម្មនិងជំរិតទារប្រាក់ពីប្រជាពលរដ្ឋ ស្លូតត្រង់នោះ ពេលនេះលេចឮ ដំណឹងថា លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនគ្រឿងញៀន ជាអ្នកលក់អាវុធអោយជនល្មើសជាប៉ូលិសមួយរូបនៅខេត្តព្រៃវែង ចេញធ្វើសកម្មភាពប្លន់ឡានតាក់ស៊ីមួយគ្រឿង និង ត្រូវបានតុលាការចោទប្រកាន់ជាផ្លូវរួចរាល់ហើយ។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ បានអោយដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ជុត ជីវ័ន្ត អាយុ២៧ឆ្នាំ មានតួនាទីជានាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ពីបទ «លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សានិងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មាលលេខ ផ្លូវថៃហ្គ័រ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៖៣០នាទី យប់ តាមមាត្រា៣៥៣និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ និង មាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ។

ADVERTISEMENT

ដោយឡែក លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី អាយុ៤៣ឆ្នាំ ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនគ្រឿងញៀន ត្រូវបានតុលាការចោទប្រកាន់ពីបទ «លក់អាវុធដោយគ្មានការអនុញ្ញាត» ប្រព្រឹត្តនៅភោជនីយដ្ឋានម្លប់ស្វាយ ភូមិកំពង់លាវ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ តាមមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងគ្រាប់រំសេវ»។

មហាជនបានលើកឡើងថា ហេតុអ្វីមន្រ្តី ដឹងពីច្បាប់ហើយ នៅល្មើសច្បាប់ទៀត តើអោយពលរដ្ឋ រំពឹងអ្វីទៀត? មហាជនកំពុងរង់ចាំមើលថា ថា សមត្ថកិច្ចនឹងចាប់ខ្លួនលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ទុកជាគំរូដល់កងកម្លាំងដទៃទៀត ដែលខ្លួនជាសមត្ថកិច្ចមិនគួរណាប្រព្រឹត្តរឿងអាស្រូវជាបន្តបន្ទាប់ និង ហ៊ានលក់អាវុធអោយប៉ូលិសគ្នាឯង ចេញធ្វើសកម្មភាព បែបនេះសោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here